មេៗឆ្លើយដាក់គ្នារឿងរំលោភយកដីទីស្នាក់ការទ័ពជើងគោក ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ មានសេចក្តីរាយមកថា ដីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ស្ថិតភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អតីតប្រធានស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ការិយាល័យទី២នៃកងទ័ពជើងគោកប្រចាំទិសព្រះវិហារនិងបច្ចុប្បន្នមានតួនាទីនាយរងអធិការកិច្ចកងទ័ពជើងគោក បានប្រើអំណាចរំលោភយកដីស្នាក់ការខាងលើចែកគ្នីគ្នា និងលក់បន្តជាច្រើនដំណាក់ ប៉ុន្តែលោក ប៉ូច សុជា បានបដិសេធចំពោះព័ត៌មានខាងលើនេះ។

បើយោងតាមប្រភពពីមន្ត្រីក្នុងស្រុក បានបង្ហើបថា ដីស្នាក់ការនោះ មានទទឹងជាង១០០ម៉ែត្រ ជាប់ថ្នល់កៅស៊ូ និងបណ្តោយ២០០ម៉ែត្រ ត្រូវបានលោកផ្កាយ ១រូបនេះយកធ្វើជាកម្មសិទ្ធិបុគ្គលលក់អោយឈ្មួញយ៉ាងរំភើយ ដោយគេព័ទ្ធរបងយកស្ទើរជាន់បង្គោលដងទងជាតិទៅហើយ។

ពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ ដែលដឹងពីប្រវត្តិនោះថាដីស្នាក់ការខាងលើ គេកាត់លក់ និងចែកគ្នាតាំងពីជំនាន់លោក ប៉ូច សុជា នៅគ្រប់គ្រងមកម្ល៉េះ ទើបតែបែកធ្លាយពេលថ្មីៗនេះ ក្រោយពីគេធ្វើរបងព័ទ្ធកំណត់ព្រំដី។ ពលរដ្ឋបន្តថាមិននឹកស្មានដល់ដីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍(ដឺបេ)ខាងលើដែលជាសម្បត្តិរដ្ឋ និងរបស់ក្រសួងការពារជាតិត្រូវបានរំលោភយកក្រោមស្នាដៃលោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អញ្ចឹងសោះ។ ឥឡូដីនោះ នៅសល់ទទឹងតែជាង ១០ម៉ែត្រ និងបណ្តោយជាង៥០ម៉ែត្រប៉ុណ្ណោះ ក្រៅពីនេះ គេលក់អស់ហើយ។

ចំពោះករណីនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងស្ថាប័នការិយាល័យទី ២នៃកងទ័ពជើងគោក(ដឺបេ)ទើបគេអាចប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ។

ជុំវិញការលើកឡើងនេះ លោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អតីតៈប្រធានស្នាក់ការ(ដឺបេ)ប្រចាំទិសព្រះវិហារបានអោយភ្នាក់ងារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះថា ដីនោះ លោកមិនបានរំលោភពុះលក់ ឬចែកគ្នាទេ គឺឯកឧត្តម ដុំ ហាក់ អតិតមេ(ដឺបេ)កងទ័ពជើងគោកបច្ចុប្បន្ន(ស្លាប់)ជាអ្នកបែងចែកអោយមន្ត្រីក្រោមឱវាទខ្លះ និងអោយកូនក្មួយគាត់ខ្លះ។

ចំណែកលោក គុយ សាវ៉ាត់ ប្រធាន(ដឺបេ)មណ្ឌល៤(ភូមិភាគ៤)បានថ្លែងថា បញ្ហានេះលោកអត់បានដឹងទេ ព្រោះលោកទើបតែទទួលការងារបន្តពីអតីតៈមេមុនៗ គឺគេប្រគល់ដីស្នាក់ការអោយតែ ១៧ម៉ែត្រប៉ុណ្ណោះ។

ដោយឡែក មានករណីស្រដៀងគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា នាយរងការិយាល័យអធិការកិច្ចកងទ័ពជើងគោក ឈរជើងទិសប្រាសាទព្រះវិហារ បានថ្លែងបញ្ជាក់ថា លោកមិនបានរំលោភយកដីរបស់គេចំនួន ៥ម៉ែត្រ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ។

លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា បានរៀបរាប់ប្រវត្តិដីទំនាស់ឲ្យដឹងថា ដីនេះដំបូងឡើយគឺលោកបានប្រគល់ឲ្យលោក សុក ហៃ អតីតអភិបាលស្រុកជាំក្សាន្ត បច្ចុប្បន្នជាអភិបាលរងខេត្តកំពង់ធំ ដែលមានទំហំ ២០ម៉ែត្រ គុណ១៥០ម៉ែត្រ ដោយឥតគិតថ្លៃ លុះក្រោយមកលោក សុក ហៃ បានលក់ដីនេះបន្តទៅឲ្យលោកស្រី ឌុច គឹមយ៉ាន ហើយក្រោយមកទៀតចេះតែមានការលក់ទិញបន្តគ្នារហូតមក៕