កម្ពុជានឹងបើកស្ថានទូតពីរទៀតនៅប្រេស៊ីល និងនៅអាហ្វ្រិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ឯកភាពឲ្យ ក្រសួងការបរទេសបើកស្ថានទូតពីរទៀតនៅទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន នៅឆ្នាំ ២០២០ និង២០២១ ជាមួយនឹងការត្រៀមថវិកាដើម្បីដំណើរការស្ថានទូត។

ការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះ គឺ ក្រោយពីមានសំណើសុំបើកស្ថានទូតបន្ថែមពីររបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ថ្មីឆ្នាំ ២០២០។ បច្ចុប្បន្ននៅទ្វីបអាហ្វ្រិក កម្ពុជាមានស្ថានទូតតែមួយប៉ុណ្ណោះនៅទីក្រុងគែ ប្រទេស អេហ្ស៉ីប ដោយឡែកនៅអាមេរិកឡាទីន មិនទាន់មាននោះឡើយ។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការបង្កើនចំនួនស្ថាន បេសកកម្ម នៅលើពិភពលោក គឺជាការដាក់ទម្ងន់បន្ថែមនៅលើស្មាសម្រាប់រាជរដ្ឋាភិបាល។ ប៉ុន្តែ កម្ពុជា សង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងផ្តល់ក្តោងកាន់តែធំ ខណៈទូករបស់ កម្ពុជារីក កាន់តែធំ ដើម្បីស្រូបខ្យល់រុញទូកក្នុងល្បឿនមួយ ដែលស្របនឹងល្បឿននៃការវិវត្តន៍ សភាពការណ៍ និងការផ្លាស់ប្តូរនៃពិភពលោក។ លោក ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាង ប្រចាំនៅបរទេសចំនួន៦៣។ កម្ពុជាបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ ផ្តើមជួសជុលស្ថានទូតយើងនៅក្រុងសូហ្វីយ៉ា និងបែលក្រាដ ព្រមទាំងបើកស្ថានអគ្គ កុងស៊ុល ថ្មី នៅទីក្រុងហៃគូ។ ក្រសួងបានបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីចំនួន៨បន្ថែមទៀត ធ្វើឱ្យចំនួន សរុប កើនដល់៣៤៕