ឆ្នាំ២០១៩ ចាប់ខ្លួនមនុស្ស៥៩នាក់ រថយន្តជិត៥០០គ្រឿងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2020 ក+ ក-

ភ្នំពេញ ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់​យក​ឈើ​ចម្រុះចំនួន ៩ ២១៥,៨៧៦ម៉ែត្រត្រីគុណ និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១​គ្រឿង ព្រមជាមួយគ្នានោះយើងបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់​បំផ្លាញ​ចោល​នូវ​រថយន្ត​បាកុង និង​មធ្យោបាយកែច្នៃសរុបចំនួន ២១២គ្រឿង។

ឈើដែលចាប់បានខាងលើ គណៈកម្មការជាតិ កំពុងថែរក្សាមិនឱ្យបាត់ ឬ​ឆេះ​ដោយ​ប្រការ​ណា​មួយ​ឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។ គណៈ​កម្មការ​ជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បី​ឱ្យ​បុគ្គល​គ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុង​ន័យ​ឱ្យ​ជៀស​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និង​ពិភព​លោក​ទាំងមូល។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តថា នាពេលបច្ចុប្បន្ននេះ តាម​រយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញ បានបញ្ជាក់ថា ការកាប់ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំមានភាពស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​មាន​ការ​លូច​បន្លំ​ដឹក​ជញ្ជូន​ផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រម៉ក ជា​ដើម៕