ព្រឹទ្ធសភា ចុះអនុស្សរណៈជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ីស្តីពីកិច្ចសហប្រតិបត្តិការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2020 ក+ ក-

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃព្រឹកទី០៥ខែកុម្ភៈឆ្នាំ២០២០នេះ បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដើម្បីបង្កើតទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និត រវាង ស្ថាប័នទាំងពីរ សម្រាប់បំរើផលប្រយោជន៍ ក្នុងផ្នែកស្រាវជ្រាវ ការបណ្តុះបណ្តាល ការរៀបចំព្រឹតិ្តការណ៍ និងការចែករំលែកផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានគ្នាទៅវិញទៅមក។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅសាលប្រជុំពិសេស នៃវិមានព្រឹទ្ធសភា។
នាឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ បានសម្តែងនូវការអបអរសាទរ និង វាយតម្លៃខ្ពស់ ចំពោះការបើកឱកាស នៃកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និត និងទូលំទូលាយរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងវិទ្យាស្ថានចក្ខុវិស័យអាស៊ី តាមរយៈការផ្តួចផ្តើម និងការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។

ឯកឧត្តម អ៊ុ សារឹទ្ធ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងផ្នែកស្រាវជ្រាវ ការបណ្តុះបណ្តាល ការរៀបចំព្រឹតិ្តការណ៍ និងការចែករំលែកផ្សព្វផ្សាយចំណេះដឹង និងព័ត៌មាន។
ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងអនុវត្តសកម្មភាពរួមគ្នា ដែលរួមមាន៖ ការស្រាវជ្រាវ និងបោះពុម្ពផ្សាយរួមគ្នា និង ការរៀបចំព្រឹតិ្តការណ៍រួមគ្នា ដូចជាសិក្ខាសាលា ការធ្វើបឋកថា និងការការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។

លោក អ៊ុ សារឹទ្ធបានបន្តទៀតថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានដាក់ចេញនូវគោលការណ៍ថ្មី ដោយយកការស្រាវជ្រាវជាស្នូល ដើម្បីបម្រើសេវាដល់សមាជិកព្រឹទ្ធសភាក្នុងការអនុវត្តមុខងារទាំង៣របស់ព្រឹទ្ធសភា។ កត្តានេះ គឺមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលប្រមូលផ្តុំទៅដោយអ្នកស្រាវជ្រាវ មានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ខ្ពស់ នឹងជួយជំរុញការងារស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តេទូលំទូលាយជាងមុនថែមមួយកម្រិតទៀត។

លោក អគ្គលេខាធិការមានជំនឿជឿជាក់ថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបតិ្តការ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ដែលឆ្លុះបញ្ចាំងក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងសម្រេចបាននូវការអនុវត្តសកម្មភាពរួមគ្នាកាន់តែច្រើននាពេលខាងមុខ។ អគ្គលខាធិការដ្ឋានព្រឹទ្ធសភា ត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបតិ្តការពេញលេញ និងជិតស្និតជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីធានាភាពជោគជ័យនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ។

លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានរម្លឹកថា កាលពីខែមិថុនាឆ្នាំ២០១៩ កន្លងមកនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានសហគ្នារៀបចំសិក្ខាសាលា ស្តីពី “ការវិវត្តនៃភូមិសាស្រ្តនយោបាយនិងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល និងសកម្មភាព នានាមួយចំនួនទៀត ប៉ុន្តែមិនទាន់ជាផ្លូវការ។ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងព្រឹទ្ធសភាឱ្យទៅជាផ្លូវការ។
លោកបញ្ជាក់ថា នាពេលថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសហការជាមួយនឹងក្រុមការងារឯកសារ ជួយដល់ព្រឹទ្ធសភា រដ្ឋសភា ក្នុងការរៀបចំកិច្ចប្រជុំ ASEP ដែលនឹងប្រព្រឹត្តទៅក្នុងខែតុលា ខាងមុខ ឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ីនឹងបន្តកិច្ចសហការជាមួយព្រឹទ្ធសភា រដ្ឋភា ទាក់ទងនឹងកិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការទូតសភា ដើម្បីជំរុញមុខមាត់ប្រទេសជាតិ និងតួនាទីសភាកម្ពុជាលើឆាកអន្តរជាតិ៕