សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈមួយចំនួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2020 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាលើឯកសារសំខាន់ៗចំនួន៣ ព្រមទាំងបញ្ហាដទៃទៀតរបស់រាជរដ្ឋាភិបាល។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា របៀបវារៈដែលលើកមកពិក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះរួមមាន ៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងទី៣៖ គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យគម្រោងអភិវឌ្ឍបណ្ដាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្មខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ នៅស្រុកបទុបសាគរ ខេត្តកោះកុង និងការអនុវត្តបន្តទៀត។

ក្រៅពីរបៀបវារៈទាំង៣ខាងលើ កិច្ចប្រជុំក៏នឹងពិភាក្សាទៅលើសំណើសុំការយល់ព្រមពីគណៈរដ្ ឋមន្រ្តី ដើម្បីអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ ៖ ១៖ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២៖ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។ ៣៖ ពិធីសារទីមួយ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។ ៤៖ ពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និង៥៖ ពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕