ក្រុមហ៊ុនធំៗអាមេរិកចំនួន១៥ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2020 ក+ ក-

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មសរដ្ឋអាមេរិកប្រចាំនៅកម្ពុជា រៀបចំធ្វើវេទិការធុរកិច្ចអាមេរិកនៅកម្ពុជា ស្តីពី «ការលានុវត្តន៍ភាពធ្វើធុរកិច្ចក្នុងវិស័យកសិកម្មរបស់កម្ពុជា នៅឆ្នាំ ២០២០» រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៦-៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន១៥ចូលរួមមកពីវិស័យសិកម្ម និងផលិតបច្ចេកវិទ្យា។

ក្រុមហ៊ុនទាំងនេះ មានដូចជា ៖ ក្រុមហ៊ុន Altech, ក្រុមហ៊ុន Amazon Web Service, ក្រុមហ៊ុន Archer Daniels Midland, ក្រុមហ៊ុន​​​ California Figs, ក្រុមហ៊ុន​ Corteva Agriscience, ក្រុមហ៊ុន DTN, ក្រុមហ៊ុន​ IBM និងក្រុមហ៊ុន John Deere (RMA) ជាដើម។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០» ដែលរៀបចំឡើងដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០។ ជាអធិបតីក្នុងពិធីនោះដែរគឺ លោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិ និងអន្តរជាតិ ជាច្រើនទៀតផងដែរ។

នៅក្នុងសុន្ទរកថាគន្លឹះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជម្រាបជូនថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានជម្រាបជូនពីផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុពល សម្រាប់ជាព័ត៌មានជូនដល់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្ម ឬវិនិយោគនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយ ដើម្បីទ្រទ្រង់វិស័យកសិកម្មឲ្យមានការរីកចម្រើនមួយចំណែកទៀត ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកជាឧទាហរណ៍ការកែច្នៃដំឡូងមីទៅជាម្សៅ គ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះ នឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដោយបានលើកឡើងអំពីបរិយាកាសវិនិយោគល្អប្រសើររបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) បានជម្រាបជូនថា ការរៀបចំវេទិកាធុរកិច្ចស្ដីពីវិស័យកសិកម្មនៅកម្ពុជានេះជាវេលាដ៏ល្អមួយ គាប់ជួនជាមួយនឹងខួបអនុស្សាវរីយទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ចំពោះវេទិកាធុរកិច្ចលើកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៥ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុនដែលប្រកបកសិកម្មបែបប្រពៃណី និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើប ដែលអាចជួយដល់ការជំរុញវិស័យកសិកម្ម និងបង្កើនទិន្នផល។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ក្រុមហ៊ុនទាំងនោះនឹងសហការជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ សង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនបន្ថែមទៀតថា តាមរយៈការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ចំណែកនៃវិស័យកសិកម្មនឹងមានការចុះថយជាលំដាប់ ហើយក្នុងពេលនោះហើយ ដែលបច្ចេកវិទ្យានឹងជួយបំពេញបន្ថែមក្នុងការបង្កើនផលិតភាព គាំទ្រស្ថិរភាពស្បៀង និងលើកកម្ពស់ខ្សែចង្វាក់តម្លៃកសិកម្មសម្រាប់ការនាំចេញ។

សូមជម្រាបជូនថា ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ គឺមានសរុបប្រមាណ ៥,៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែវិច្ឆិកា ស្មើនឹងកំណើនប្រមាណ ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ ក្នុងនោះផងដែរ វិស័យកសិកម្មក៏រួមចំណែកមួយចំនួនដ៏សំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕