កម្ពុជា-ចិន នឹងបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅខែមេសា ខាងមុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2020 ក+ ក-

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានបញ្ជាក់ថា ដំណើរការ នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងបន្តការចរចារនៅអំឡុងខែមេសាបន្តទៀត។ បើតាមអ្នកនាំពាក្យ ក្រុមការងារអន្តរក្រសួងរបស់កម្ពុជា និងមន្ត្រីរដ្ឋាភិបាលចិន បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពន្លឿនកិច្ចចរចាពាណិជ្ជកម្មនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមការងារចរចារបស់កម្ពុជា និងក្រុមការងាររបស់ចិន បានបង្កើតក្រុមការងារចរាចរហូតដល់១០ក្រុម ហើយធ្វើការពិភាក្សាក្នុងពេលដំណាលគ្នា ដើម្បីពន្លឿនការបញ្ចប់ការចរចាឲ្យបានឆាប់រហ័ស។ ការចរចាជុំទី១ ធ្វើឡើងកាលពីខែមករា នៅប្រទេសចិនបានបញ្ចប់ ដោយលទ្ធផលល្អប្រសើរ គ្រាដែលភាគីទាំងបានស្វែងយល់ពីគ្នា និងលើកយកបញ្ហាដាក់លើតុជជែកពិភាក្សាយ៉ាងល្អិតល្អន់។ គំនិតផ្តួចផ្តើមបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានធ្វើឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីចិន លី គឺជាំង ក្នុងជំនួបទ្វេភាកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣តាមការកំណត់។

ក្នុងជំនួបកាលពីម្សិលម៉ិញ ជាមួយប្រធានាធិបតីចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា ចិន ត្បិតភាពរីកចំរើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភពីប្រទេសចិនឡើយ។ សម្តេចតេជោ ក៏បានស្នើឲ្យចិនជួយបើកទីផ្សារបន្ថែម ដើម្បីទទួលទិញផលិតផលពីកម្ពុជាបន្ថែមទៀត ពិសេសស្នើឲ្យចិន ជួយគៀងគរវិនិយោគចិនមកកាន់កម្ពុជា។ ចំណែកប្រធានាធិបតីចិន បានអះអាងថា ចិននឹងបន្តជំនួយដល់កម្ពុជា ទៅតាមអ្វីដែលអាចធ្វើបាន ហើយរដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។

ប្រធានាធិបតីចិន កំពុងពិចារណាក្នុងការតម្លើងទំនាក់ទំនង កម្ពុជាចិនឲ្យកាន់តែធំជាងនេះបន្ថែមទៀត នៅពេលខាងមុខ នោះក៏ដោយសារ កម្ពុជា ចិនបានចុះហត្ថលេខារួមគ្នា ក្នុងការរួមវាសនាតែមួយជាមួយគ្នា៕