ជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2020 ក+ ក-

ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ បង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា។ 

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិបាលខេត្តបានអញ្ជើញទៅសំណេះសំណាលដល់អ្នកជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nQV) ជា ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយពីការធ្វើតេស្តលើកទី៣ បង្ហាញនូវលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nQV) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង មានសុខភាពល្អប្រសើរ រីឯក្រុមគ្រួសារជនជាតិចិនរូបនេះ ៣នាក់ទៀត ក៏ត្រូវបានរួចផុតពីការសង្កេតសុខភាព ហើយអាចជួបជុំគ្នាវិញជាធម្មតាហើយដែរ។

ជនជាតិចិនរូបនេះមានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕