ឃាត់ខ្លួន​មនុស្ស​ចំនួន​៧០​នាក់ ក្នុងការបង្ក្រាប​មណ្ឌល​កម្សាន្ត​ក្លិប​មួយ​នៅជ្រោយចង្វា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2020 ក+ ក-

ភ្នំពេញ ៖ ​នៅម៉ោង​ជាង១រំលង​អធាត្រ​ឈានចូល​ថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ សមត្ថកិច្ចបានបើកប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នៅ​មណ្ឌល​កម្សាន្ត​ក្លិប​ផ្លាយ នៅ​ផ្លូវកែវ​ចិន្តា​ភូមិ៣ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយបានឃាត់ខ្លួន​មនុស្ស​ចំនួន ៧០​នាក់ រកឃើញ​គ្រឿងញៀន​គ្រប់ប្រភេទ​មួយចំនួន​ដូចជា ៖ ថ្នាំក្រវី​ជាង១០០កញ្ចប់តូច​នឹងគ្រាប់​ចំនួន ៥​កញ្ចប់ រួមនិង​ឧបករណ៍​ប្រើប្រាស់​មួយចំនួន ម៉ូតូ​៣៧គ្រឿង រថយន្ត​៧គ្រឿង។ 

ការ​បង្ក្រាប​នេះ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តម​សេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និងមាន​ការចូលរួម​ពីកម្លាំង​សមត្ថកិច្ច​ចម្រុះ​មានដូចជា ការិយាល័យ​ព្រហ្មណ្ឌ​កម្រិតស្រាល កម្លាំង​អន្តរាគមន៍ នឹង​សមត្ថកិច្ច​ខណ្ឌជ្រោយចង្វារ។

លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញបានឲ្យដឹងនៅ​ព្រឹក​ថ្ងៃទី១០ ខែ​កុម្ភៈនេះ​ថា ប្រតិបត្តិការ​បង្ក្រាប​មណ្ឌល​កម្សាន្ត​ក្លិបផ្លាយ ឃាត់ខ្លួន​មនុស្ស​ចំនួន ៧០​នាក់ និង​រកឃើញ​គ្រឿងញៀន​មួយ​ចំនួន។ ដោយលោក​បានបញ្ជាក់​ថា ក្នុង​ចំណោម​មនុស្ស​ចំនួន ៧០​នាក់ មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន និងអ្នក​មិន​ប្រើប្រាស់។ ចំពោះ​អ្នក​មិនប្រើប្រាស់ គឺ​អប់រំ ណែនាំ ឲ្យត្រឡប់​ទៅផ្ទះវិញ។ ចំណែក​អ្នកប្រើប្រាស់​គឺឲ្យពួកគាត់​ស្ម័គ្រចិត្ត​ទៅទទួល​ការព្យាបាល ឬ​បន្សាប។ លោក​ឧត្តមសេនីយ៍​ឯក ស ថេត បាន​បញ្ជាក់​ថា ចំពោះ​អ្នកចែកចាយ​គ្រឿងញៀន​នៅក្នុង​មណ្ឌល​កម្សាន្ត​ក្លិបផ្លាយ គឺអនុវត្ត​ទៅតាម​ច្បាប់ ដោយមិន​លើកលែង​ឡើយ។

យោងតាមរបាយការណ៍បានបង្ហាញថា ជនសង្ស័យចំនួនពីរនាក់ ដែលចែកចាយគ្រឿងញៀន គឺទី១. ឈ្មោះ ឃាង ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល និងទី២. រ័ត្ន ធានី ភេទស្រី អាយុ៣៧ឆ្នាំ ជាមេការមណ្ឌលកម្សាន្តក្លិបផ្លាយ។ វត្ថុតាងរកឃើញមានដូចជាៈ ក្រាមពណ៌ស (ខេតាមីន) ចំនួន ១០១កញ្ចាប់ ថ្នាំគ្រាប់ពណ៌ស្លែ ចំនួន ៣២គ្រាប់ ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន ១០គ្រាប់ ជញ្ជីងថ្លឹងចំនួនមួយ៕