ក្រសួងបរិស្ថានរៀបចំវេទិកាកេសរកូល (ផ្កាអ័រគីដេ) លើកទី១ ដើម្បីឲ្យសាធារណៈបានស្គាល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលលើកទី១ ជាមួយនឹងការដាក់តាំងពិពរណ៌កេសរកូល (ផ្កាអ័រគីដេ) ជាច្រើនប្រភេទដល់អ្នកចូលរួមទស្សនា។ បើតាម លោក អ៊ាង សុផល្លែត រដ្ឋលេខាក្រសួងបរិស្ថាន បានបញ្ជាក់ថា កេសរកូល រឺផ្ការអ័រគីដេនៅកម្ពុជាបច្ចុប្បន្ន មានរហូតជាង៥០០ប្រភេទ។

លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា វេទិកានេះគឺជាឱកាសសម្រាប់ស្វែងយល់ និងដកពិសោធលើការងារ ទៅវិញ ទៅមក លើការងារអភិរក្សធនធានពន្ធុ (Plant Genetic) ក៏ដូចជាវិស័យបរិស្ថាននិងធនធានធម្មជាតិ ដែលជាការបោះជំហានថ្មីថែមមួយកម្រិតរវាងព្រះ រាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង បន្ថែមពីលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនទៀត។បច្ចុប្បន្ន នេះមន្ត្រីជំនាញនៃក្រសួងបរិស្ថានបានស្រាវជ្រាវ និងអភិរក្សកេសរកូល (ផ្កាអ័រគីដេ)បានចំនួន១៦០ប្រភេទ ខណៈប្រភេទកេសរកូលសរុបនៅក្នុងប្រ ទេសកម្ពុជាត្រូវគេប៉ានស្មានថាមានប្រមាណជាង ៥០០ ប្រភេទ។ កាលពីឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមជ្ឈ មណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្រាវជ្រាវ អភិរក្សកេសកូល អប់រំផ្សព្វផ្សាយពីតម្លៃនៃកេសរកូល និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងសំដៅធានាឱ្យបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ ផ្តល់អត្ថប្រយោជន៍ ក្នុងការរក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌជាកន្លែងសម្រាប់អ្នកសិក្សាស្រាវជ្រាវអនុវត្តដោយផ្ទាល់ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ ភ្ជាប់ទំនាក់ទំនងមនុស្សនិងធម្មជាតិជាគោលដៅទេសចរណ៍ធម្មជាតិថ្មី បង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ទទួលចំណេះដឹង ជំនាញ និងបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្តរជាតិ កៀរគរថវិកា សម្ភារ និងបច្ចេកទេសក្នុងការគ្រប់គ្រងធនធាន។ ក្រសួងបរិស្ថានមានបំណងប្រែក្លាយមជ្ឈមណ្ឌលនេះឱ្យក្លាយទៅជាផលិតផលទេសចរថ្មីបែបធម្មជាតិ បន្ថែមលើផលិតផលទេសចរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរណ៍បែបនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ វាក៏នឹងរួមចំណែកកាត់បន្ថយការពឹងផ្អែករបស់សហគមន៍មូលដ្ឋានដែលកំពុងរស់នៅជុំវិញតំបន់នេះពីការកាប់ឈើ និងការទាញយកធនធានធម្មជាតិ ជីវៈចម្រុះ មកជាអ្នករៀបចំសេវាកម្មទេសចរ និងផលិតផលិតផលទេសចរនៅពេលដែលមជ្ឈមណ្ឌលនេះត្រូវបានអភិវឌ្ឍន៍ពេញលេញ និងគ្រប់ជ្រុងជ្រោយស្របតាមផែនការមេ៕