លោក​ គុណ​ ញឹម ៖ សហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2020 ក+ ក-

ខេត្តកំពង់ចាម​ ៖ ​តំណាងម្ចាស់​សហគ្រាសធុនតូច​ និងមធ្យមក្នុងខេត្តកំពង់ចាម​ ប្រមាណ​ជាង​៣០០នាក់​ បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​លើក​ទឹកចិត្ត​ផ្នែក​គយ​ និង​ពន្ធដារ​ នាព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២០ នៅសណ្ឋាគារអាស៊ាន LBN ខេត្តកំពង់ចាម ក្រោម​វត្តមាន​លោកបណ្ឌិត​ គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន គយ​ និងរដ្ឋាករកម្ពុជា​ និងលោក​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ និង​មន្ទីរអង្គភាព​ជុំវិញខេត្ត​ជាច្រើន​រូប​ផងដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លើក​ឡើង​ថា​ វគ្គ​សិក្ខាសាលាដែលបានរៀបចំនេះ​ គឺក្នុងគោលបំណងលើកកម្ពស់ ការអភិវឌ្ឍន៍សហគ្រាស ធុនតូចនិងធុនមធ្យម ដើម្បីបង្កើតការងារ បង្កើនសមត្ថភាព និងលទ្ធផលប្រកួតប្រជែង របស់ផលលិតកម្ម ក្នុងស្រុក ក៏ដូចជាការលើកទកចិត្ត ផ្នែកគយ​ និងពន្ធដារ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម (SMEs) ឆ្នាំ២០២០ នាពេលនេះ គឺជាលើកដំបូង សម្រាប់ខេត្តកំពង់ចាម​ ដែលមានមន្ត្រី ជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ធ្វើការរផ្សព្វផ្សាយ ជូនដល់ម្ចាស់ឬតំណាងសហគ្រាសធុនតូចនិងមធ្យមទាំង អស់តាមដំណាក់កាលនីមួយៗ ។

ជាមួយគ្នា​នោះ​ លោកបណ្ឌិត​ គុណ​ ញឹម​ បាន​លើក​ឡើង​ថា​ សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញកំណើន​ និងបង្កើតការងារ។ ក្នុងបរិបទនេះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត រួមមាន ៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឧស្សាហកម្ម​ ឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥។ ២.យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និង៣. យុទ្ធសាស្ត្រគៀងគររកចំណូលឆ្នាំ២០១៩ ឆ្នាំ ដល់ឆ្នាំ២០២៣ ដែលក្នុងនោះមានការកំណត់គោលដៅជាយុទ្ធសាស្ត្រក្នុងការពង្រឹងនិងធ្វើទំនើបកម្មសហគ្រាសធុនតូច​ និងមធ្យមដែលផ្ដោតលើការរៀបចំយន្តការលើកទឹកចិត្ត​ និងជំរុញដល់ការអភិវឌ្ឍលើវិស័យសហគ្រាសធុនតូចនិងមធ្យមព្រោះវាជាសំខាន់ណាស់ដែលត្រូវបានចាត់ទុកជាឆ្អឹងសេដ្ឋកិច្ចនិងជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារជូនប្រជាពលរដ្ឋ​ ៕