សម្តេចតេជោ ៖ ជំងឺកូរ៉ូណា មិនទាន់ឆ្លងមកពលរដ្ឋកម្ពុជា តែពលរដ្ឋភ័យខ្លាចដោយសារពួកអគតិ និងជនខិលខូចមួយចំនួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2020 ក+ ក-

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ជំងឺកូរ៉ូណា មិនទាន់ឆ្លងមកពលរដ្ឋកម្ពុជា តែពលរដ្ឋភ័យខ្លាច ដោយសារមកពីពួកអគតិ និងជន ខិលខូចមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ជា​សាធារណៈថា ករណី​កូ​រ៉ូ​ណា​ត្រូវបាន​បញ្ចប់​នៅ​កម្ពុជា​ក្រោយពេលដែល​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​ជាសះស្បើយ ហើយ​ចេញពី​មន្ទីរពេទ្យ​រស់នៅ​ជាធម្មតាវិញ។​

​សម្តេចតេជោ​​បន្ថែមថា ជន​ជាតិចិន​ម្នាក់នេះ​គ្រោង​នឹង​ចាក​ចេញពី​កម្ពុជា​វិល​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ​ក្នុងពេល​ឆាប់ៗ​នេះ។ សម្តេច​បន្តថា មកដល់ពេលនេះ​មិនទាន់មាន​ជនជាតិកម្ពុជា​ណា​ម្នា​ក់បាន​ឆ្លង​វី​រូស​កូ​រ៉ូ​ណា​នោះទេ ប៉ុន្តែ​ពួក​អគតិ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំ​ភ្លើ​សដែល​នាំ​ឲ្យ​មានការ​ភ័យខ្លាច​ប៉ុណ្ណោះ។​ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា សម្តេច​បានប្រកាស​ម្តង​រួចមកហើយ​ថា ជំងឺ ពិតប្រាកដ​របស់​យើង​មិនមែន​ជំងឺ​កូ​រ៉ូ​ណា​ទេ តែ​ជា​ជំងឺ​ភ័យខ្លាច​តែ​ចាប់ពីពេលនោះ​មក​បញ្ហា ភ័យខ្លាច​បាន​សាបរលាប​បន្តិច​ម្តងៗ។

ជាមួយសម្តេច បានកោតសរសើរ ក្រសួងសុខាភិបាល និងអាជ្ញាធរ​ចាត់វិធានការណ៍ ការពារវីរុសកូរ៉ូណាថ្មី។ សម្តេចថា មកដល់ពេលនេះ កូរ៉ូណា ត្រូវបានបញ្ចប់ នៅកម្ពុជា ដោយសារការព្យាបាល ជំងឺជនជាតិចិនម្នាក់ មានជំងឺនេះ បានជាសះស្បើយ៕
​ ​