ក្រសួងអប់រំ ព្រមានគ្រូសាលារដ្ឋដែលយកលុយពីសិស្សថ្លៃសិក្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2020 ក+ ក-

ភ្នំពេញ ៖ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បើមានករណី គ្រូណាម្នាក់ហ៊ានយកលុយពីសិស្សក្នុងម៉ោងសិក្សា ត្រូវរាយការណ៍ជាបន្ទាន់មកក្រសួង ដើម្បីចាត់វិធានការភ្លាមៗ ដោយមិនទុកបង្អង់យូរឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍភាពនិងទិសដៅការងារ បន្តរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឌី ខាំបូលី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជាគោលការណ៍ក្រសួងមិនអនុញ្ញាតឲ្យមានការយកថ្លៃសិក្សា ពីសិស្សនៅតាមសាលារៀនឡើយ។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានបញ្ជាក់ថា បើមានករណី គ្រូណាម្នាក់ហ៊ានយកលុយពីសិស្សក្នុងម៉ោងសិក្សា ត្រូវរាយការណ៍ជាបន្ទាន់មកក្រសួង ដើម្បីចាត់វិធានការភ្លាមៗ ដោយមិនទុកបង្អង់យូរឡើយ។ ទោះយ៉ាងណា ក៏ដោយរូបភាព នៃការយកលុយពីសិស្សភាគច្រើនគឺ នៅសាលាបឋមសិក្សា នៅរាជធានីភ្នំពេញ ដែលមានលោកគ្រូ-អ្នកគ្រូ មួយចំនួនតូច បានយកលុយពីសិស្សានុសិស្ស(រៀនបឋម) ជារៀងរាល់ថ្ងៃ ក្រោមហេតុផលថាយកលុយបង់រៀនគួរបន្ថែម។

បើតាមឪពុកម្តាយសិស្ស ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា យ៉ាងហោចណាស់គាត់ត្រូវចំណាយក៣ពាន់រៀលក្នុងមួយថ្ងៃ សម្រាប់កូនម្នាក់ ដើម្បីបង់ឲ្យគ្រូបង្រៀន ដូច្នោះក្នុងមួយខែគាត់ត្រូវបង់ឲ្យគ្រូ ក្រោមរូបភាពនៃការបង់គួរ រហូតដល់ជាង២០ម៉ឺនរៀល។

គួរបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជាមានសាលារៀនពីមត្តេយ្យ-វិទ្យាល័យ ចំនួន១៣៣០០ ក្នុងនោះសាលាមតេយ្យសិក្សាមានចំនួនជាង៤៣០០សាលា បឋមសិក្សាចំនួនជាង៧២០០សាលា អនុវិទ្យាល័យចំនួនជាង១២៤៦សាលា និងវិទ្យាល័យ៥២៥សាលារៀន៕