រោងចក្រកាត់ដេរមួយចំនួននៅកម្ពុជានឹងប៉ះពាល់ដោយសារចិនបិទទ្វាររោងចក្រផលិតក្រណាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2020 ក+ ក-

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៏ថា រោងចក្រនៅកម្ពុជាមួយចំនួន ដែលទទួលវត្ថុធាតុដើមផលិតពីចិន អាចនឹងរងផលប៉ះពាល់ ដោយសារចិនបិទទ្វាររោងចក្រទាំងអស់ ក្នុងនោះក៏មានកម្ពុជាដែរ ។ លោក ផៃ ស៊ីផាន បានអះអាងថា ការសុំព្យួររោងចក្រពីកម្ពុជា មិនទាក់ទងទៅនឹង ប្រព័ន្ធអនុគ្រោះពន្ធ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍភាពនិងទិសដៅការងារបន្ត របស់ក្រសួងអប់រំយុវជន និងកីឡា» នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រោងចក្ររបស់កម្ពុជា អាចនឹងមានផលប៉ះពាល់ ក្នុងការទទួលវត្ថុធាតុដើមពីប្រទេសចិន គ្រាដែលប្រទេសចិន បានបិទទ្វារោងចក្រទាំងអស់។ ការបិទរោងចក្ររបស់ចិន ដោយសារពាក់ព័ន្ធនឹងវិរុសកូរ៉ូណា ធ្វើឲ្យការផលិតក្រណាត់ជាវត្ថុធាតុដើមផ្គត់ផ្គង់មកកម្ពុជា ជួបនូវបញ្ហា។ ទោះយ៉ាងណា ការផ្អាកដំណើរការរោងចក្រនៅកម្ពុជា គឺមិនទាក់ទងទៅនឹងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនោះទេ។

បើតាមសារព័ត៌មានចិន ស៊ីស៊ីថាម  បានចុះផ្សាយថា យ៉ាងហោចណាស់មានរោងចក្រចន្លោះពី១០ទៅ១៥ កំពុងពិចារណាសុំព្យួរកិច្ចសន្យាការងារមួយរយៈដោយសារតែខ្វះ«វត្ថុធាតុដើម»ដើម្បីដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។បច្ចុប្បន្នរោងចក្រទាំងនោះបានជូនដំណឹងទៅក្រសួងការងាររួចរាល់ហើយ ហើយកំពុងពិភាក្សាជាមួយក្រសួងរកដំណោះស្រាយស្វែករកវត្ថុធាតុដើម ដើម្បីបំពេញសង្វាក់ផលិតកម្ម។ ប្រសិនបើរោងចក្រទាំងអស់នោះត្រូវបិទទ្វាវានឹងប៉ះពាល់ដល់កម្មករកម្មការិនីរោងចកក្រប្រមាណពី៦ពាន់ទៅ៨ពាន់នាក់។នេះបើតាមអះអាងរបស់ ឯ.ឧ ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ។ ការខ្វះ«វត្ថុធាតុដើម» ដើម្បីដំណើរការសង្វាក់ផលិតកម្មរោងចក្រ គឺជាក្តីបារម្ភដ៏ធំមួយសម្រាប់វិស័យកាត់ដេរនៅកម្ពុជា ហើយប្រសិនបើរោងចក្រនៅប្រទេសចិននៅតែផ្អាកមិនដំណើរការគេរំពឹងថានឹងមានរោងចក្រមួយចំនួននឹងសុំព្យួរ ឬបិទមិនដំណើរការនៅកំឡុងពាក់កណ្តាលខែមីនា និងខែមេសាខាងមុខនេះ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ដែរថា ប្រសិនបើមានរោងចក្របិទទ្វានៅកំឡុងខែមីនា និងខែមេសាមែននោះ វាមិនមែនដោយសារឥទ្ធិពលប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ តែគឺបណ្តាលមកពីឥទ្ធិពលចំបងគឺកង្វះនូវ«វត្ថុធាតុដើម» ដោយសារវីរុសកូរ៉ូណា រោងចក្រជាច្រើននៅចិន បានបិទដំណើរការ៕