ពិតជាកម្មមែន ! ប្តីវាយពិការជើងមិនទាន់ជាផង ម្តាយក្មេកវាយបែកក្បាលព្រោះភ្លេចដាំបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2020 ក+ ក-

ភ្នំពេញ ៖ ស្ត្រីរងកម្មម្នាក់ ត្រូវបានម្តាយក្មេក និងប្តីវាយបណ្តាលឲ្យបែកក្បាលហូរឈាមជោកជាំ ខណៈស្រវឺងស្រាភ្លេចដាំបាយ។ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ រ៉ាត់ សុខឡេង អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើត នៅភូមិអំពិល ឃុំ ប៉ុស្តិ២ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ស្នាក់នៅចំនុចកើតហេតុខាងលើ មានប្តីឈ្មោះ យិន សុផល អាយុ៥១ឆ្នាំមុខរបរមន្ត្រីនគរបាលនៅស្រុកល្វាឯម ចំណែកម្តាយក្មេកដៃឆៅ មាន ឈ្មោះ ជុំ ប៊ុនធឿន ស្នាក់នៅក្បែរគ្នា។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញគ្រួសារខាងលើនេះ តែងតែប្រមូលផ្តុំគ្នាផឹកស្រាថ្នាំបណ្តាំគ្រូ លុះពេលស្រវឹងស្រឿងៗ បានឈ្លោះប្រកែកជេរបញ្ចោគ្នាស្ទើរតែរៀងរាល់ពេល ។ លុះមុនពេលកើតហេតុស្ត្រីរងគ្រោះរាងស្រវឹងធ្លាក់ភ្នែកបន្តិចបានដើរកាន់ឈើច្រត់ទៅសុំបាយម្តាយក្មេកមួយចាន យកទៅឲ្យកូនរបស់គាត់ហូប ពេលនោះម្តាយក្មេកបានស្តីបន្ទោសឲ្យថា ង៉ែងមិនចេះដាំបាយឲ្យកូនស៊ីទេ គិតតែពីនាំគ្នាផឹកស្រាពេលស្រវឹងមករកសុំបាយអញ មិនឲ្យទេ បើអត់មានអង្ករ អញឲ្យពីរ បីគីឡូ យកទៅទុកដាំបាយឲ្យកូនស៊ីទៅ។
ទោះបីឮពាក្យតិះដៀលក្តី ក៏ស្រីរូបនេះនៅតែចចេសចូលទៅដួសបាយ ធ្វើអោយម្តាយក្មេកខឹងចាប់វាយនឹងចានថែមទាំងបោកក្បាលផ្តួលទៅលើឥដ្ឋបណ្តាលឲ្យបែកក្បាលហូរឈាមជោកជាំពេញខ្លួនតែម្តង ត្រូវបានបញ្ជូនទៅតាមរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ដើម្បីធ្វើការសង្គ្រោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានចុះទៅពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនប្តី និងម្តាយក្មេកទៅធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមនីតិវិធី៕