​រោងចក្រមួយចំនួននៅកម្ពុជានឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2020 ក+ ក-

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ពីស្ថានភាពវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅក្នុងប្រទេសកម្ពុជា ដោយសារការខ្វះខាតវត្ថុធាតុដើមក្នុងការផលិត។

ដោយ​សារ​តែ​ការ​ផ្ទុះ​វីរុសកូរ៉ូណានៅក្នុងប្រទេសចិន​ រោងចក្រ​ផលិត​វត្ថុធាតុដើម និង​ក្រុមហ៊ុន​ផ្តល់​សេវា​ជាច្រើន​បាន​បិទ​ដំណើរការ​បណ្តោះអាសន្ន ហើយ​រហូត​ដល់ចុងខែនេះ ទើបអាច​ចាប់ផ្តើម​ដំណើរការ​ឡើងវិញបាន។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគមរោងចក្រកាត់ដេរ​នៅ​កម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២០។

បញ្ហានេះ​នឹង​បង្កឱ្យ​មានផលប៉ះពាល់​ចង្វាក់​ផ្គត់ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា ខណៈ​បច្ចុបន្ននេះ វត្ថុធាតុដើម​ប្រហែលជាង៦០% សម្រាប់​បម្រើ​ឱ្យ​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើងនៅកម្ពុជា​ ត្រូវបាន​នាំចូល​ពីប្រទេសចិន។

សម្រាប់​រោងចក្រ​មួយចំនួន វត្ថុធាតុដើម​នៅក្នុង​ស្តុក​សម្រាប់​ផលិតកម្ម​អាច​នឹង​អស់​នៅត្រឹម​សប្តាហ៍​ក្រោយ ឬ​សប្តាហ៍​បន្ទាប់ ហើយ​ការបិទ​រោងចក្រ​បណ្តោះអាសន្ន​នៅ​ប្រទេសចិន អាច​នឹង​ធ្វើឱ្យរោងចក្រ​មួយចំនួន​ខ្វះ​វត្ថុធាតុ​ដើម​នៅចុងខែនេះ និង​ក្នុង​ខែមីនា​ខាងមុខ។ ប្រឈម​នឹង​បញ្ហា​នេះ រោងចក្រ​គ្មាន​ជម្រើសអ្វី​ក្រៅពី​ការផ្អាក​ប្រតិបត្តិការ​ផលិតកម្ម​ជាបណ្តោះអាសន្ន ដែលអាច​មាន​រយៈពេល ១ខែ​ពេញ ឬដល់ ២ខែ។

ប្រភព​ដដែល​អះអាងថា «ការ​ផ្អាក​បណ្តោះអាសន្ន​រយៈពេល​ខ្លីដែល​យើង​អាច​រំពឹង​ទុកថា នឹងកើតឡើង​​ក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ មិនមាន​អ្វីពាក់ព័ន្ធនឹង​ដំណើរការ​នៃការ​ដកប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម (EBA) របស់​សហភាព​អឺរ៉ុប​មកលើ​ប្រទេស​កម្ពុជា​ទេ។ ការ​សម្រេច​ចិត្ត​ណាមួយ​របស់សហភាព​អឺរ៉ុប នឹង​ត្រូវ​ចូល​ជាធរមាន​នៅក្នុងរយៈពេល​មិនតិចជាង ៦ខែ​ខាងមុខនេះ​ទៅនឹង​បញ្ហា EBA មិនមែន​ជាការ​ត្រឹមត្រូវទេ»៕