អូស្រ្តាលីនៅតែបន្តចូលរួមគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2020 ក+ ក-

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Pablo Kang ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងនាមសម្តេចតេជោ ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីកាត់លបន្ថយជនរងគ្រោះ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

លោក Pablo Kang បានមានប្រសាសន៍ថា ប្រទេសអូស្រ្តាលីបានគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤មក និងបានចំណាយថវិកាប្រមាណជាង១០០លានដុល្លារអាមេរិក ដែលបានចូលរួមរំដោះផ្ទៃដីដែលមានការគម្រាមកំហែងដោយសារមីនដើម្បីផ្តល់ដីសម្រាប់កសាងលំនៅដ្ឋាន និងធ្វើកសិកម្មប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនរស់នៅតំបន់រងផលប៉ះពាល់ខ្លាំងដោយសារមីន។ ជាមួយគ្នានេះ លោក Pablo Kang បានបញ្ជាក់បន្ថែមថា ប្រទេសអូស្រ្តាលីនៅតែបន្តចូលរួមគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលគាំទ្របច្ចេកទេសដោយអង្គការយូអិនឌីភី៕