កម្ពុជា គុយបា ពេញចិត្តចំពោះទំនាក់ទំនងការទូត និងការជួយគ្នាទៅវិញ ទៅមក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមជាតំណាងឱ្យប្រជាជាតិកម្ពុជា និងលោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ក្នុងនាមជាតំណាងឱ្យ ប្រជាជាតិគុយបា បានបង្ហាញអំពីការពេញចិត្តចំពោះទំនាក់ទំនងការទូត និងការជួយគ្នាទៅវិញ ទៅមក នៃប្រជាជាតិទាំងពីរនៅក្នុងគ្រាលំបាក។ ការបង្ហាញពីមនោសញ្ចេតនាទៅវិញទៅមកបែបនេះធ្វើឡើងក្នុង ឱកាសដែលលោកជំទាវទូតគុយបាថ្មីប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចប្រធាន រដ្ឋសភាកម្ពុជា នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ កុម្ភៈនេះ។

ក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា កម្ពុជា-គុយបា មានទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ គឺនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះគម្រប់៦០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរ ដែលចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្ត ថែរក្សា និងលើកកម្ពស់រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា គុយបា ជា មិត្តដ៏ល្អរបស់កម្ពុជា តែងជួយ និងគាំទ្រគ្នានៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជា ទើបបាន រំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ចពីប្រទេសមហាអំណាចមួយចំនួន នាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងបានផ្តល់ជំនួយភ្លាមៗមកដល់ ពលរដ្ឋកម្ពុជាដែលនៅរស់រានមានជីវិតពីរបប ប៉ុល ពត ជាពិសេសការជួយរបស់គុយបាមកលើផ្នែកសុខា ភិបាល ដែលជាជំនួយដ៏មានសារៈសំខាន់បំផុតក្នុងគ្រាដែលសុខភាពប្រជាជនកម្ពុជានាពេលនោះមាន បញ្ហាលំបាកយ៉ាងខ្លាំង ហើយដោយឡែកលោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ឯកអគ្គរដ្ឋទូត គុយបាថ្មីក៏បានអរគុណចំពោះកម្ពុជាវិញដែរ។ គុុយបា អរគុណកម្ពុជា ក៏ព្រោះតែកម្ពុជាមិនបានគាំទ្រ ចំពោះការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមកលើប្រទេសគុយបា ហើយដែលប្រទេស ទាំងពីរតែងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទាំងអស់។ លោកជំទាវ បានអរគុណរដ្ឋសភា កម្ពុជា ដែលតែងជំរុញដល់ការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-គុយបា ឲ្យរឹងមាំជាលំដាប់ ពិសេសតាម រយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។

លោកជំទាវទូតបានលើកឡើងថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិន មែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការ ជាច្រើនរួមគ្នា និងថា លោកជំទាវមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់ តែរឹងមាំឡើង ខណៈដែលសម្តេចប្រធានរដ្ឋសភាកម្ពុជាបានអះអាងថា រដ្ឋសភាកម្ពុជាពិតជាពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ ទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ រដ្ឋសភាកម្ពុជាគាំទ្របេសកកម្មការទូតរបស់លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដោយនឹងធ្វើកិច្ច សហប្រតិបត្តិការពេញលេញ ដើម្បីឱ្យការងារការទូតរបស់លោកជំទាវទទួលបានជោគជ័យ៕