ខេត្តបន្ទាយមានជ័យចូលឆ្នាំបន្ទាយឆ្មារនឹងរៀបចំយ៉ាងគគ្រឹកគគ្រេង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2020 ក+ ក-

បន្ទាយមានជ័យ ៖ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានត្រៀមរួចជាស្រេចហើយ នូវការរៀបចំកម្មវិធី«ចូលឆ្នាំបន្ទាយឆ្មារ» យ៉ាងគគ្រឹកគគ្រេងជូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយរីករាយ នៅទីតាំងប្រាសាទបន្ទាយឆ្មារ ស្ថិតនៅខាងជើងទីរួមខេត្តបន្ទាយមានជ័យ ក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកនាពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាឆ្នាំ២០២០ ខាងមុខនេះ។

ដោយការត្រៀមរៀបចំនេះបានឆ្លងដល់ការប្រជុំជាលើកទី២កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ក្រោមវត្តមាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការអប់រំ យុវជននិងកីកា និងលោកជំទាវ កែ សួនសុភី លោកអភិបាលខេត្ត អ៊ុំ រាត្រី ព្រមទាំងអង្គភាពជុំវិញខេត្ត។
កិច្ចប្រជុំជាលើកទី២នេះ ក្នុងន័យត្រៀម រៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២០ជូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយរីករាយ នៅទីតាំងប្រាសាទបន្ទាយឆ្មារ ។ដោយមានការរៀបចំអោយមាន៖

១.ការតាំងបង្ហាញពិព័រណ៌ផលិតផលតាមស្តង់
២.ការលេងល្បែងប្រជាប្រិយ
៣.ការសម្តែងក្បាច់គុនល្បុក្កតោ
៤.កម្មវិធីកម្សាន្តបន្ទាយឆ្មារត្រជាក់ចិត្ត
៥.កម្មវិធីរាំវង់ស្គរដៃ
៦.កម្មវិធីប្រទ្បងពាក់កណ្តាលផ្តាច់ព្រ័ត្រជ្រើសរើសបវរស្រ្តីវ័យចំណាស់ ។

ប្រាសាទបន្ទាយឆ្មារជាប្រាសាទដែលត្រូវបានកសាងឡើងចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រាសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារត្រូវបានជួសជុលឡើងវិញនិងបានរៀបចំឧបត្ថម្ភយ៉ាងយកចិត្តទុកដាក់ឲ្យមានការចាប់អារម្មពីភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករពីសំណាក់លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។

ដោយលោកជំទាវបានចំណាយថវិការជាច្រើនចូលរួមឧបត្ថក្នុងការជុសជុលប្រាសាទឡើងវិញមិនថែមតែប៉ុណ្ណោះលោកជំទាវ ម៉ៅម៉ាល័យ បានចំណាយពេលវេលាដ៍មានតំលៃចុះជាប់ជាប្រចាំរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងនៅតាមប្រាសាទនិងជំវិញប្រាសាទ។ អ្វីដែលពិសេសជាងនោះទៀតក្នុងរយះពេលចុងកក្រោយនេះលោកជំទាវបានផ្តួចផ្តើមកសាង ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យស្ពានបណ្តែតទឹកអាងជើងគ្រុស កន្លែងទស្សនាថ្ងៃលិចនៅអាងជើងគ្រុស ។ដែលសមទ្ធិផលទាំងនេះបានធ្វើអោយមានការចាប់អារម្មទៅទស្សនាយ៉ាងច្រើនកាលពីបុណ្យចូកឆ្នាំនិងបុណ្យភ្ជុំបិណ្យកាលពីឆ្នាំទៅ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាខាងមុខ តាមការរៀបចំរបស់រដ្ឋបាលខេត្តប្រាសាទបន្ទាយឆ្មារ និងកាន់តែមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិកាន់ច្រើនជាងឆ្នាំមុន៕