ពលករខ្មែរម្នាក់ស្លាប់ក្នុងចំណោមអ្នករបួស១២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2020 ក+ ក-

ប្រទេសថៃ ៖ ពលករខ្មែរចំនួន ១២នាក់ ជិះតាមរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានស្លាប់បាត់បង់ជីវិតម្នាក់ និង១១ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈដែលពួកគេទាំងអស់គ្នា បានម៉ៅរថយន្តនេះចេញដំណើរពីស្រុកអារញ្ញប្រាថេត ក្នុងខេត្តស្រះកែវ ទៅកាន់រោងចក្រមួយកន្លែង ក្នុងខេត្តសុងខ្លា ហើយក៏បានជួបនឹងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ដោយសភាពផ្លូវរអិល ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនមូលនិធិ មិត្តភាព សាមគ្គី ហាតយ៉ៃ បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០២០ ដោយ រថយន្តម៉ាកតួរីស ដឹក ពលករ ខ្មែរ ចំនួន ១២ នាក់ ពី ព្រំដែន អារញ្ញ ប្រាថេត ទៅ ខេត្ត សុងខ្លា ជួប គ្រោះថ្នាក់ ចរាចរណ៍ តាម ផ្លូវ បណ្ដាល ឲ្យ ពលការិនីខ្មែរ ស្លាប់បាត់បង់ ជីវិត ០១នាក់ របួស ធ្ងន់ស្រាល ១១នាក់ ។

ហេតុការណ៍ នេះ បានកេីតឡើងនៅម្ដុំផ្លូវជាតិអេសៀររ៉ាត់តះភូមិ ស្ថិត នៅ ក្នុង ភូមិ ៤ សង្តាត់ថាឆាង ស្រុកបាង ក្លាំ ខេត្ត សង់ក្លា ប្រទេស ថៃ ។

យោង តាម ប្រភព ព័ត៌មាន បាន ឲ្យ ដឹង ថា រថយន្ត ឈ្នួល ខាង លើ បាន ធ្វើ ដំណើរ ទៅទទួល ពលករខ្មែរចំនួន១២នាក់ ពី ព្រំដែន ស្រុក អារញ្ញ ប្រាថេត ក្នុងខេត្តស្រះកែវ ដេីម្បី បន្ត ដំណើរ ទៅ ខេត្ត សុងខ្លា ប៉ុន្ដែ អកុសល រថយន្ត ឈ្នួល ខាង លើ បាន ជ្រុល ទៅ បុក គូទ រថយន្ត សណ្ដោង តាម ផ្លូវ ដែលឈប់សំចត បណ្ដាល ឲ្យ មាន មនុស្ស ស្លាប់ និង រង របួស ជា ច្រើន នាក់ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវ បាន សមត្ថកិច្ច ថៃ បញ្ជូន យក ទៅ ព្យាបាល នៅ មន្ទីរ ពេទ្យ បាងក្លាំ និង មន្ទីរពេទ្យ ហាតយ៉ៃ ខេត្ដសង់ក្លា ។

នៅកន្លែងកើតហេតុនោះដែរ គេសង្គេតឃើញអ្នកបើកបររថយន្តធំឈ្មោះ ផុងសាក់ ច័ន្ទថន កំពុងឈររេរារង់ចាំសមត្ថកិច្ចហៅទៅសាកសួរ ដោយលោកមិនបានគេចខ្លួនទៅណានោះទេ ។

ដោយឡែក អ្នកបើកបររថយន្តតួរីសឈ្មោះ វ៉ាត់រិន ផៈកៈម៉ា អាយុ ៥៣ ឆ្នាំ ដែលបានរងរបួសស្រាល បាននិយាយថា រថយន្តរបស់លោកត្រូវបានគេជួលអោយដឹកពលករខ្មែរស្របច្បាប់ ពីព្រំដែនថៃ កម្ពុជា ក្នុងស្រុកអារញ្ញប្រាថេត ទៅកាន់រោងចក្រផលិតអាហារសមុទ្រ មួយកន្លែង ក្នុងខេត្តសុងខ្លា ។

លោកបានបន្តថា លុះមកដល់ត្រង់ចំណុចកើតហេតុ គឺលោកក៏បានឃើញដែរ ចំពោះរថយន្តធំដែលកំពុងឈប់នៅលើផ្លូវផ្នែកខាងឆ្វេងដៃ ( ថៃប្រកាន់ឆ្វេង ) ដោយលោកបានបួងចង្កូតងាកទៅខាងស្តាំដើម្បីឡើងជែងរថយន្តនោះ ប៉ុន្តែដោយសារផ្លូវទើបភ្លៀងរួច ហាក់បីដូចជាមានសភាពរអិល គឺរថយន្តរបស់លោកមិនអាចគេចផុតពីរថយន្តធំ ទើបធ្វើអោយជញ្ជាំងមួយចំហៀងផ្នែកខាងឆ្វេង ត្រូវច្រៀកខ្ទេចគ្មានសល់ ទើបបង្កអោយមានបញ្ហាបែបនេះ ។

បច្ចុប្បន្នតម្រួតថៃកំពុងធ្វើការយ៉ាងសស្រាក់សស្រាំហើយចំពោះបញ្ហាខាងលើនេះ ក្នុងការដោះស្រាយទៅលើអាយុជីវិតពលករខ្មែរទាំងស្លាប់ និង របួស ដោយសារតែពួកគេសុទ្ធតែជាពលករដែលចូលទៅបម្រើការងារស្របច្បាប់ទាំងអស់ ៕