ស្រ្តី Live លក់ផលិតផលបញ្ចេញកេរ្តិ៍ខ្មាសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយ​ល្មើស​នឹង​កិច្ច​សន្យា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2020 ក+ ក-

ភ្នំពេញ ៖ ស្ត្រីរកស៊ីម្នាក់ដែលតែងផ្សាយ Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយ​ពេលធ្វើកិច្ចសន្យាហើយ បែរ​ជា​ល្មើស​នឹង​កិច្ច​សន្យា និង​បន្តប្រព្រឹត្តអំពើឥតអៀនខ្មាសនោះម្តងទៀត។ ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង កាល​ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។​

ស្ត្រី​ដែល​ត្រូវ​បាន​ឃាត​ខ្លួន​នេះ​មាន​ឈ្មោះ​ថា វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវ​គេ​ស្គាល់​ថាជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយ​បាន​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាសមួយចំនួន ដែលអំពើទាំងនោះបាន​រង​ការ​រិះគន់​យ៉ាង​ក្រៃ​លែង។ ស្ត្រីរកស៊ីម្នាក់នោះ មាន​ទីលំ​នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​សាក​សួរ និង​ក្រោយ​មក​បានធ្វើកិច្ចសន្យា និង​ថែម​ទាំង​បញ្ជាក់​ក្នុង​វីដេអូ​សារភាព​អំពី​ការ​ថត​ឡាញ​លក់​ផលិត​តាម​ហ្វេស​បង្ហាញកេរ្តិ៍ខ្មាសផងដែរ។

អគ្គស្នងការរងនគរបាលជាតិ និង​ជាស្នង​ការនគរបាល​រាជធានី​ភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បាន​ថ្លែងថា សមត្ថកិច្ចពិតជាឃាត់ខ្លួនស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ពិតប្រាកដមែនទាក់ទងការបង្ហាញកេរ្តិ៍ខ្មាសដោយមិនរាងចាល។ ដោយ​លោក​ស្នង​ការ​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួននេះគឺតាមបញ្ជារបស់លោក កែវ ធា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ៕