រដ្ឋមន្ត្រី​កសិកម្ម​ព្រមាន​ចាត់វិធានការ​ចំពោះ​ការនាំ​ចូល​សត្វ​តាម​ព្រំដែន​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2020 ក+ ក-

​ភ្នំពេញ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ម្សិលមិញ​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ឈ្មួញ​ដែល​នាំចូល​សត្វ​តាម​ព្រំដែន​ដោយ​ខុសច្បាប់។​

​ជាមួយគ្នានោះលោក វេ​ង សាខុន ក៏បានជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​ត្រូវ «​ពង្រឹង​យន្តការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ចលនា​សត្វ ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ ស៊ុត ចេញ ចូល និង​នាំ​ឆ្លងកាត់ តាមដាន​ព័ត៌មាន​ស្តីពី​ស្ថានភាព​ជំងឺឆ្លង​សត្វ នៅ​ប្រទេសជិតខាង ជាពិសេស​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ចាត់វិធានការ​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​ឱ្យខាងតែបាន និង​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​ចំពោះ​ការនាំ​ចូល​សត្វ​តាម​ព្រំដែន​ខុសច្បាប់​»​។​ បន្ថែមលើនេះទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបង្កើនកិច្ចសហការកាន់តែទ្វេឡើងដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ កសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មសត្វ សុខភាពសត្វ និងសុខភាពសាធារណៈ។

​ការណែនាំ​នេះ​ធ្វើឡើង ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី អញ្ជើញ​បិទ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០៕