ខែទី១ឆ្នាំ២០២០នេះ កម្ពុជានាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2020 ក+ ក-

ភ្នំពេញ ៖ តាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន២៩,២០៣តោន កើនឡើង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៧,៤៤៥តោន ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៤៣៣ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៧ភាគរយ។

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៥,៩១៦ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៥០,៤៣៤ហិកតា ស្មើនឹង៦២%។ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕