ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ត្រូវបានស្ទូចដំឡើងគ្រោងដែកតួស្ពានជំហានទី១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2020 ក+ ក-

ភ្នំពេញ ៖ ស្ពានអាកាសថ្មើជើងគឺជាស្ពានមួយដែលផ្តល់ភាពងាយស្រួលសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងជាពិសេសនោះគឺសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ផ្លូវប្រសព្វតែម្តងដែលចំណាយពេលសាងសង់ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយសម្រាប់ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ គិតមកដល់យប់មិញនេះគឺបានស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី១រួចរាល់ហើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការសង់សង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ គិតមកដល់ពេលនេះលទ្ធផលសម្រេចបាន ៨៥% និងអាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ ការដ្ឋានបានស្ទូចតម្លើងគ្រោងដែកតួស្ពាន នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០និង០០នាទី យប់ ដល់ម៉ោង ៦និង០០ព្រឹកឈានចូលថ្ងៃទី២០ ខែកុម្ភៈនេះរួចរាល់ហើយ។

លោក សាំ ពិសិដ្ឋ បន្ថែមថា ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុការដ្ឋានបានបិទចរាចរឆ្លងកាត់មួយរយៈកាលពីយប់មិញ នៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក។

កាលពីព្រឹកថ្ងៃទី២៨ ធ្នូ កន្លងមកនេះ បានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ដែល ពិធី កាលណោះបានធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក
ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ ។

ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សងនៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ និងគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុករួចរាល់ថែមទៀតនោះ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងចំនួន៥ទីតាំង ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕