ក្រសួងមហាផ្ទៃបញ្ជាក់ថា ការខលទូរស័ព្ទមកពីក្រៅប្រទេសដោយប្រើលេខប្លែកៗ ជាគម្រោងឆបោកប្រាក់ IPRN
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2020 ក+ ក-

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកពន្យល់លម្អិត អំពីលេខទូរស័ព្ទដែលតេចូលមកប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់លេខប្លែកៗ ភាគច្រើនមកពីប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬប្រទេសរុស្សីជាដើម។

ការចេញមកពន្យល់របស់នាយកដ្ឋានព័ត៌មានវិទ្យា ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំ បានទទួលការខលទូរស័ព្ទពីក្រៅប្រទេស ដែលធ្វើឲ្យពួកគាត់មានការងឿងឆ្លល់ថា តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ?, តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ? តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី?

ដើម្បីស្រាយនូវចម្ងល់ខាងលើ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការពន្យល់ដោយសង្ខេបដូចខាងក្រោម ៖

ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា «Callback Scam ឬហៅម្យ៉ាងទៀតថា One-Ring Scam»។

Callback Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវា ដែលហៅថា International Premium Rate Number (IPRN)។ ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ធ្វើការខលចេញពីក្រៅប្រទេស ទៅលើគោលដៅនានាជុំវិញពិភពលោក គោលដៅទាំងនោះក៏រួមមានពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

តើអ្នកអាចបាត់បង់ប្រាក់ពីគណនីទូរស័ព្ទដោយរបៀបណា?

*ឧក្រិដ្ឋជនធ្វើការខលចូលលេខទូរស័ព្ទជនរងគ្រោះ ពីប្រទេសម៉ាឡាវី (+265) អាហ្វ្រិក (+27) នីហ្សេរីយ៉ា (+234) ប៉ាគីស្ថាន (+92) ឬ ប្រទេសរុស្សី (+7) ជាដើម។

*បន្ទាប់ពីខលចូល ពួកគេនឹងកាត់ផ្តាច់ការខលទូរស័ព្ទ ដែលបង្ហាញ Missed Call លើទូរស័ព្ទជនរងគ្រោះ។

*នៅពេលជនរងគ្រោះធ្វើការខលទូរស័ព្ទទៅវិញ តម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។

*ក្រុមឧក្រិដ្ឋជននឹងទទួលបានប្រាក់កម្រៃជើងសារ (Commission) ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ។

តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារពីការឆបោក (Callback ឬ One-Ring Scam)?

នៅពេលទទួលបានការខលទូរស័ព្ទពីក្រៅប្រទេស ប្រើប្រាស់នូវលេខទូរស័ព្ទដែលអ្នកពុំធ្លាប់ស្គាល់ សូមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

*ធ្វើការ Save លេខទូរស័ព្ទទុក នឹងព្យាយាមទាក់ទងតាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។

*ត្រូវជៀសវាងការខលទូរស័ព្ទត្រឡប់ទៅវិញ ព្រោះលេខនោះអាចជា IPRN។

*ប្រើប្រាស់កម្មវិធីសម្រាប់ទូរស័ព្ទដៃ ក្នុងការស្វែងរកប្រភពលេខទូរស័ព្ទ តួរយ៉ាងកម្មវិធី TrueCaller។

*ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់អ្នក។

*ធ្វើការ Block លេខទូរស័ព្ទសង្ស័យ ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់ក្នុងទូរស័ព្ទដៃរបស់អ្នក៕