អាជ្ញាធរខេត្តព្រះវិហារចាប់ផ្ដើមសាងសង់ស្ពានបាឡេជំនួសស្ពានស្ទឹងស្ដៅដែលត្រូវភ្លើងឆេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2020 ក+ ក-

ព្រះវិហារ : នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អមដំណើរដោយលោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្ត លោក ទែន សារុំសមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរស្រុកសង្គមថ្មី និងស្ថាប័នពាក់ពន្ធ័នានា បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃរាលដាលមកដល់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្រេចសង់ស្ពានដែកបាឡេជំនួសវិញដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការសាងសង់ស្ពាននេះឡើងវិញចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ថា ស្ពានស្ទឹងស្តៅ នេះ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ដែលកន្លងមកនេះ អាជ្ញាធរខេត្តព្រះវិហារ ក៏គ្រោងនឹងសាងសង់ស្ពានដែកបាឡេ ក្នុងឆ្នាំនេះផងដែរ មិនដូចសង្គមស៊ីវិលមួយចំនួនថា ប្រជាពលរដ្ឋលួចដុតនោះទេ នេះមិនមែនជាការពិតទេ គឺស្ពាននេះ ឆេះដោយសារភ្លើងឆព្រៃ ៕ ដោយ : កូវ ប៊ុនហេង