ធនាគារពិភពលោកប្រកាសកញ្ចប់ថវិកា១២ប៊ីលានដុល្លារសម្រាប់ការសាយភាយជំងឺខូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

ភ្នំពេញ ៖ ស្របពេលប្រទេសជាង៧០ មានការរាលដាលជំងឺ ខូវិដ-១៩ ក្រុមធនាគារពិភពលោកកំពុងដាក់ចេញកញ្ចប់ហិរញ្ញប្បទានជំហានដំបូងមួយដែលមានទឹកប្រាក់ ១២ប៊ីលានដុល្លារអាមេរិក សម្រាប់ជាវិធានការបន្ទាន់ ដើម្បីជួយដល់បណ្តាប្រទេសនានាក្នុងការលៃលកជាមួយផលប៉ះទង្គិចផ្នែកសុខាភិបាល និងសេដ្ឋកិច្ច ដោយសារតែការផ្ទុះជំងឺនេះលើសាកលលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកថា កញ្ចប់ហិរញ្ញប្បទាននេះមានគោលដៅជួយប្រទេសសមាជិកឱ្យមានលទ្ធភាពចាត់វិធានការមានប្រសិទ្ធភាព តាមភាពជាក់ស្តែង ក្នុងការឆ្លើយតប ក៏ដូចជាក្នុងការកាត់បន្ថយ ផលប៉ះទង្គិចធ្ងន់ធ្ងរដែលបង្កដោយជំងឺ ខូវិដ-១៩ (ឬវិរុសកូរ៉ូណា)។

តាមរយៈកញ្ចប់វិធានការពន្លឿនហិរញ្ញប្បទាននេះ ក្រុមធនាគារពិភពលោកនឹងជួយបណ្តាប្រទេសពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន រួមក្នុងនោះមានលទ្ធភាពកាន់តែប្រសើរក្នុងការទទួលបានសេវាសុខាភិបាល ដើម្បីការពារប្រជាជនពីការរាលដាលនៃជំងឺនេះ, ពង្រឹងការអង្កេតតាមដានជំងឺ, បង្កើនកិច្ចអន្តរាគមន៍សុខាភិបាលសាធារណៈ, និងសហការជាមួយវិស័យឯកជនដើម្បីឈានទៅកាត់បន្ថយផលប៉ះអង្គិចរបស់ជំងឺនេះទៅលើសេដ្ឋកិច្ច ។ កញ្ចប់ហិរញ្ញប្បទាននេះអាចដកយកទៅប្រើប្រាស់បានតាមរយៈយន្តការ “សមាគមអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ IDA “ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ (IBRD”)និង “សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ក្រោមកិច្ចសម្របសម្រួលគ្នាក្នុងកម្រិតសាកល ដើម្បីជួយអន្តរគមន៍ដល់ការឆ្លើយតបនៅតាមប្រទេសនានា។

កញ្ចប់ហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការឆ្លើយតបជំងឺ ខូវិដ-១៩ នេះ នឹងមានធនធានដំបូង ១២ប៊ីលានដុល្លារអាមេរិក — ក្នុងនោះ ៨ប៊ីលានដុល្លារជាចំនួនថ្មី — ដែលអាចយកទៅប្រើប្រាស់បានតាមយន្តការពន្លឿន។ ក្នុងកញ្ចប់នេះរួមមានដល់ទៅ ២,៧ប៊ីលានដុល្លារ ជាហិរញ្ញប្បទានថ្មីពី IBRD; ១,៣ប៊ីលានដុល្លារ ពី IDA ដែលត្រូវបានបំពេញបន្ថែមពីការធ្វើអាទិភាពឡើងវិញនូវថវិកា ២ប៊ីលានដុល្លារដែលមានស្រាប់នៅក្នុងកញ្ចប់កម្មវិធីរបស់ធនាគារពិភពលោក និង៦ប៊ីលានដុល្លារ មកពី IFC ក្នុងនោះរួមមាន ២ប៊ីលានដុល្លារ ពីមូលនិធិទ្រទ្រង់ពាណិជ្ជកម្មដែលមានស្រាប់ ផងដែរ។ កញ្ចប់ហិរញ្ញប្បទាននេះក៏មានអមមកជាមួយនូវការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដែលផ្អែកលើជំនាញឯកទេសលើសាកលលោក និងចំណេះដឹងនៅក្នុងស្រុកតាមប្រទេសនីមួយៗ ដែរ។

លោក ដេវិដ ម៉ាលប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថ ពេលនេះ ធនាគារពិភពលោកកំពុងតែខិតខំធ្វើការឆ្លើយតបឱ្យបានរហ័សរហួននិងដោយភាពបត់បែន ដោយផ្អែកលើតម្រូវការនៅតាមប្រទេស ក្នុងការលៃលកជាមួយការសាយភាពរបស់ជំងឺ ខូវិដ-១៩។ នៅក្នុងនេះ ធនាគារពិភពលោកមានវិធានការធ្វើហិរញ្ញប្បទានបន្ទាន់, ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដោយប្រើប្រាស់ឧបករណ៍ និងជំនាញឯកទេសដែលធនាគារពិភពលោកមានស្រាប់ ដើម្បីជួយប្រទេសនានាក្នុងការឆ្លើយតបទៅនឹងវិបត្តិមួយនេះ ។

កញ្ចប់ហិរញ្ញប្បទាននេះនឹងផ្តល់ជំនួយឥតសំណង និងឥណទានមានការប្រាក់ទាប ពី IDA ដល់ប្រទេសមានចំណូលទាប និង ឥណទានពី IBRD សម្រាប់ប្រទេសមានចំណូលមធ្យម ដោយប្រើប្រាស់ឧបករណ៍ប្រតិបត្តិការរបស់ធនាគារ លើមូលដ្ឋានពន្លឿនការអនុម័តលើការផ្តល់ហិរញ្ញប្បទាន។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដែលជាសាខាវិស័យឯកជនរបស់ធនាគារពិភពលោក នឹងផ្តល់ការគាំទ្រចាំបាច់ដល់អតិថិជនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យពួកគេអាចបន្តប្រតិបត្តិការអាជីវកម្ម និងរក្សាការងារ បានតទៅទៀត ៕