ស្ត្រីអង់គ្លេសវ័យ៦៥ឆ្នាំម្នាក់ត្រូវបានរកឃើញ ខូវីដ១៩ លើនាវាទេសចរណ៍ពីវៀតណាមចូលមកខេត្តកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

ភ្នំពេញ ÷ ក្រសួងសុខាភិបាល បានជូនដំណឹងនៅរសៀលថ្ងៃទី១០ ខែមីនា នេះថា មន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្តរកឃើញេរោគ ខូវីដ ១៩ លើស្ត្រីជនជាតិអង់គ្លេសវ័យចំណាស់អាយុ ៦៥ឆ្នាំម្នាក់ក្នុងចំណោមជនជាតិអង់គ្លេស 5 នាក់ដែលរួមដំណើរជាមួយគាត់នៅលើនាវាទេសចរណ៍មួយគ្រឿងបានចេញដំណើរមកពីប្រទេសវៀតណាម ឆ្លងកាត់ព្រំដែនចូលមកកំសាន្តនៅប្រទេសកម្ពុជា តាមច្រកក្អមសំណ រួចបង្ហួសទៅចូលចតនៅចំណតនាវារបស់ទីរួមខេត្តកំពង់ចាម។

ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ស្ត្រីមានវីរុស Covid-19 នេះ បានធ្វើដំណើរតាមយន្តហោះ ចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ (ជនជាតិអង់គ្លេសទាំងអស់ ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់)។ បន្ទាប់មកពួកគាត់បានបន្តដំណើរចាកចេញតាមនាវាទេសចរណ៍មួយគ្រឿងផ្ទុកមនុស្ស៦៤នាក់រួមទាំងនាវិ​​ ពីទីក្រុងហូជីមិញ​ សំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ និងបានដល់រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

បន្ទាប់ពីទទួលបានព័ត៌មានពីមន្ត្រីសុខភាពវៀតណាម ដែលអះអាងថា ជនជាតិវៀតណាមម្នាក់ដែលរួមដំណើរតាមយន្តហោះជាមួយស្ត្រីជនជាតិអង់គ្លេសខាងលើ ត្រូវបានរកឃើញមានមេរោគ ខូវីដ19។ ភ្លាមនោះ មន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការជាមយមន្ត្រីសុខភាពនៃមន្ទីរពេទ្យខ្មែរសូវៀត ស្វែងរកស្ត្រីទាំង 5 នាក់ខាងលើដើម្បីយកសំណាកសម្រាប់ធ្វើតេស្ត ប៉ុន្តែពួកគេ មិនបានផ្ដល់សំណាកសម្រាប់ធ្វើតេស្តនោះទេ។ មន្ទីពេទ្យខ្មែរសូវៀត ក៏បញ្ជូនព័ត៌មាននេះទៅឲ្យមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីសម្របសម្រួលស្នើសុំសំណាកសម្រាប់ធ្វើតេស្ត ហើយជាលទ្ធផលបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេសវ័យ​​ 65 ម្នាក់មានផ្ទុក virus ខូវីដ19 ក្រៅពីនោះមិនមានទេ។

គួរជម្រាបថា​​ នេះគឺជាករណីទី៣ នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី១ នៅលើខ្លួនជនជាតិចិនម្នាក់​ ដែលត្រូវបានព្យាបាលជាសះស្បើយ ហើយបានត្រឡប់ទៅប្រទេសចិនវិញ និងករណីទី២ នៅលើខ្លួនជនជាតិខ្មែរអាយុ​ ៣៨ឆ្នាំ ម្នាក់​ នៅខេត្តសៀមរាប ដែលកំពុងក្នុងការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់។

ទោះជាយ៉ាងនេះក្តី ស្ត្រីដែលបានរកឃើញមានមេរោគខាងលើនេះ រូមនិងមនុស្សដែលមានទំនាក់ទំនងផ្ទាល់ជាមួយគាត់ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាល រៀបចំកន្លែងសុវត្ថិភាពដាច់ដោយឡែកនៅ់់់់់់់់់់់មន្ទីរពេទ្យកំពង់ចាម​ ដើម្បីបន្តតាមដានសុខភាព និងព្យាបាល។ ចំណែកមនុស្ស ៥៩នាក់ទៀត​ក៏ត្រូវរៀបចំអោយនៅដាច់ដោយឡែក​ដើម្បីតាមដានសុខភាពដូចគ្នាដែរ៕