មន្ត្រីសុខាភិបាល ប្រាប់ឲ្យក្រុមវេជ្ជសាស្ត្រឯកជន រាយការណ៍បន្ទាន់ករណីសង្ស័យរោគសញ្ញា Covid-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលនៃខេត្តព្រះវិហារ បានថ្លែងណែនាំដល់អ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជននៅតាមក្រុង ស្រុកនានាក្នុងខេត្ត ត្រូវសហការជាមួយ មន្ទីរសុខាភិបាល ខេត្ត ដោយរាយការណ៍មកជាបន្ទាន់ ក្នុងករណីសង្ស័យថា មានប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន មានរោគសញ្ញាវីរុសកូរ៉ូណា ឬ Covid-19។
ការថ្លែងណែនាំរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបែបនេះ ក្នុងគ្រាដែលលោក និងសហការី អញ្ជើញចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺ Covid-19 ដល់អ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជន នៅតាមបណ្តាស្រុក៤ ក្នុងនៃខេត្តព្រះវិហារ រួមមាន៖ ស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកជ័យសែន និងស្រុកឆែប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៧ខែមិនា២០២០នេះ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឲ្យដឹងទៀតថា ការចុះអប់រំផ្សព្វផ្សាយស្តីពីជងឺ Covid-19 នេះ គឺមានការចូលរួមពីអ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជន មកពីស្រុកជាំក្សាន្តចំនួន ៣០សេវាឯកជន ស្រុកគូលែនចំនួន ៣១សេវាឯកជន ស្រុកជ័យសែនចំនួន ១៥សេវាឯកជន និងស្រុកឆែបចំនួន ១៧សេវាឯកជន ហើយការផ្សព្វផ្សាយនេះ ចង់ឲ្យពួកគាត់ជួយផ្សព្វផ្សាយបន្ត និងសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងករណីសង្ស័យមានរោគសញ្ញាជំងឺ Covid-19 ត្រូវរាយការណ៍មកមន្ទីរសុខាភិបាលខេត្តជាបន្ទាន់។
លោកបានគូសបញ្ជាក់ទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមន្ទីរសុខាភិបាលខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់អ្នកប្រកបសេវាសុខាភិបាលឯកជន នៅតាមស្រុកនានាក្នុងខេត្ត និងបានចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺ Covid-19 ដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំនានាក្នុងខេត្តឲ្យ ពួកគាត់ បានយល់និងមានវិធានាការការពារនិងអនាម័យអោយបានល្អនិងលាងដៃនិងអាកុលឬសាប៊ូមុនពេលបរិភោគចំណីអាហារនិងពាក់ម៉ាស់អោយបានគ្រប់គ្នាមុនពេលចេញដំណើទៅណាមកណា៕ ដោយ ៖ កូវ ប៊ុនហេង