ភោជនីយដ្ឋាន និងហាងកាហ្វេចាប់ផ្ដើមប៉ះពាល់បណ្ដើរពីកូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2020 ក+ ក-

ភ្នំពេញ ៖ វីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ បាននិងកំពុងវាយប្រហារកាន់តែខ្លាំងនៅលើពិភពលោក ក្នុងប្រទេសកម្ពុជាក៏រងផលប៉ះពាល់ពីជំងឺនេះដែរ ជាក់ស្ដែងគិតត្រឹមព្រឹកថ្ងៃទី១៧ មីនា កម្ពុជារកឃើញអ្នកផ្ទុកវីរុសនេះ ចំនួន២៤នាក់ ដែលធ្វើអោយចំនួនកាន់តែច្រើននិងបង្កអោយមានការព្រួយបារម្ភពីសំណាក់ពលរដ្ឋខ្មែរផងដែរ ហើយក៏ធ្វើអោយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកាន់តែធំផងដែរ ។
បច្ចុប្បន្ននេះផលប៉ះពាល់ពីជំងឺនេះក៏បានជះឥទ្ធិពលទៅលើភោជនីយដ្ឋាននិងហាងកាហ្វេមួយចំនួន នៅរាជធានីភ្នំពេញ បណ្ដើរៗហើយផងដែរ ជាក់ស្ដែងហាងកាហ្វេ និងភោជនីយដ្ឋានដែលធ្លាប់តែមានភ្ញៀវចូលពេញៗពេលនេះ បានប្រែជាស្ងាត់និងបាត់ភ្ញៀវមួយចំនួន ។
បើតាមលោកហេង សេងលីនាយកគ្រប់គ្រងភោជនីយដ្ឋានផាកកាហ្វេ បានអោយដឹងថា ពេលនេះ ភ្ញៀវចូលក្នុងផាកកាហ្វេបានធ្លាក់ចុះបន្តិចធៀបនឹងរយៈពេលមុន គឺមុនពេលផ្ទុះជំងឺកូវីដ១៩ ។ ការធ្លាក់ចុះនេះ បានចាប់ផ្ដើមនៅពេលកម្ពុជារកឃើញអ្នកផ្ទុកដំបូង និងបន្តបន្ទាប់មកទៀត ។ លោកថា៖« ចាប់តាំងពីមុនកម្ពុជារកឃើញករណីអ្នកផ្ទុកកូវីដ១៩ម្ល៉េះហាងផាកកាហ្វេបានបង្កើនការយកចិត្តទុកដាក់ និងអនាម័យបន្ថែមទៀត ដោយអោយបុគ្គលិកទាំងអស់ ត្រូវលាងដៃអោយបានញឹកញាប់ជាងមុន ដាក់អាល់កុលលាងដៃ សម្រាប់ភ្ញៀវដែលចូលក្នុងហាង ហើយជំហ៊ានបន្ទាប់ នឹងត្រូវមានដាក់ឧបករណ៍វាស់កំដៅភ្ញៀវមុនចូលក្នុងហាងផងដែរ » ។
លោកបន្តថា ទោះបីជាពេលនេះ ផាកកាហ្វេមានការធ្លាក់ចុះភ្ញៀវក៏ពិតមែន តែមិនមែនមានន័យថាវាខ្សត់រហូតដល់ថ្នាក់អត់ភ្ញៀវនោះទេ គឺមានធម្មតា ហើយប៉ះពាល់សម្រាប់ពេលនេះ គឺអាចទប់ទាល់បាន តែសម្រាប់នៅពេលខាងមុខទៀតក៏មិនទាន់អាចព្យាករណ៍បានដឹងថាវានឹងក្លាយទៅជាយ៉ាងណានោះទេ ។លោកថា ៖‍« បើទោះបីជាបច្ចុប្បន្ននេះ មានការថមថយភ្ញៀវក្ដីក៏ភោជនីយដ្ឋានផាកកាហ្វេ មិនមានគម្រោងក្នុងកាត់បន្ថយបុគ្គលិក ឬកាត់ប្រាក់បៀវត្សរ៍ពួកគេដែរ គឺពួកគេនៅតែរក្សាបរិមាណដដែលនិងបៀវត្សរ៍នៅដដែល » ។
ក្រៅពីភោជនីយដ្ឋានមួយនេះ ក៏នៅមានហាងកាហ្វេដទៃទៀតដែរដែលរងផលប៉ះពាល់ជាក់ស្ដែងហាងកាហ្វេប្រោណដែលជាហាងកាហ្វេធំលំដាប់ក្នុងស្រុកមួយក៏កំពុងរងផលនិងបាត់បង់ភ្ញៀវដូចនឹងភោជនីយដ្ឋានផាកកាហ្វេដែរ ។
លោកចាង ប៊ុនលាង សហស្ថាបនិកហាងកាហ្វេ Brown បានមានប្រសាសន៍ថា នៅពេលដែលបញ្ហានេះ កើតឡើង ចង់មិនចង់គឺត្រូវប៉ះពាល់ជាក់ស្ដែងពេលនេះ Brown ក៏ជួបបញ្ហានូវការបាត់បង់ភ្ញៀវមួយចំនួនដែរ ក៏ប៉ុន្តែមិនទាន់ដឹងតួលេខជាក់លាក់ណាមួយនៅឡើយ ។
លោកបន្តថា ហាងកាហ្វេ Brown បានដាក់វិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលនេះដែរ ដោយបានអោយបុគ្គលិកត្រូវបង្កើនអនាម័យផ្ទាល់ខ្លួន មុនចូលធ្វើការ ត្រូវវាស់កម្ដៅពួកគាត់សិន និងត្រូវអោយលាងដៃជាមួយសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ ។ នៅក្នុងហាងក៏ដូចគ្នា អ្នកអនាម័យ ត្រូវជូតបង្កាន់ដៃទ្វារអោយបានញឹកញាប់ កន្លែងភ្ញៀវអង្គុយ ក៏ត្រូវទឹកអាល់កាល់ នៅពេលភ្ញៀវចាកចេញ ដើម្បីការពារអោយបានខ្ពស់ ។
លោកបន្ថែមថា ក្នុងពេលដែលបញ្ហាកំពុងកើតឡើងនិងអាចជួបវិបត្តិដូចនេះ រដ្ឋាភិបាលគួរជួយដល់វិស័យនេះផងដែរព្រោះវាបានផ្ដល់ការងារជាច្រើនដល់បុគ្គលិក ជាពិសេសនិស្សិតកំពុងសិក្សា ដោយបន្ធូបន្ថយនូវពន្ធ និងការផ្ដល់ឥណទានហិរញ្ញវត្ថុដែលមានការប្រាក់ពិសេស ដូចដែលផ្ដល់ទៅសហគ្រាសខ្នាតតូចនិងមធ្យដែលជាផលិតផងដែរ ។
លោកបញ្ជាក់ថា ក្រុមហ៊ុនមិនមានគោលការណ៍កាត់បន្ថយបុគ្គលិក ឬកាត់ប្រាក់ខែគាត់ឡើយ ព្រោះវាមិនអាចធ្វើទៅរួច ដោយសុខៗត្រូវបញ្ឈប់ពួកគេ ឬកាត់ប្រាក់ខែពួកគេ ដូច្នេះ ទោះបីជាយ៉ាងណា ក៏ត្រូវតែបន្តដំណើរទៅមុខ ដើម្បីជំនះនូវបញ្ហាកូវីដ១៩នេះ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាចេញផ្សាយនៅរសៀលថ្ងៃទី១៧មីនានេះ បានប្រកាសអោយបិទអាជីវកម្មកម្សាន្តសប្បាយដូចជា KTV រោងភាពយន្តនៅទូទាំងប្រទេស ពីព្រោះកន្លែងទាំងនេះ គឺជាកន្លែងងាយនឹងចម្លងកូវីដ១៩ទៅកាន់អ្នកផ្សេងទៀត ក្នុងករណីអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងនោះមានផ្ទុកមេរោគនេះ ។ ការបិទកន្លែងទាំងនេះ ក៏នឹងធ្វើអោយបាត់បង់ការងារមួយចំនែកទៀតសម្រាប់អ្នកបម្រើការងារខារ៉ាអូខេ និងរោងភាពយន្ត ដែលទាំងនេះ សុទ្ធតែជាផលប៉ះពាល់ដោយសារតែជំងឺដ៏សាហាវមួយនេះ ៕