អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ក្រសួង​មិន​យកលុយ​ករណី​ធ្វើតេស្ត​កូ​វីដ​១៩​នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2020 ក+ ក-

​​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់​ច្បាស់ ហើយ​ថា ក្រសួងសុខាភិបាល​មិនមាន​តម្រូវឱ្យ​យកលុយ​ពី​អ្នក​ដែល ត្រូវធ្វើ​តេស្ត​ស្វែងរក​មេរោគ​កូ​វីដ​១៩​ទេ ទោះជា​រកឃើញថា មាន​ផ្ទុក ឬ​មិនមាន​ផ្ទុកមេរោគ ដែល​កំពុងតែ​ឆ្លង​រាលដាល​នេះ​ក៏ដោយចុះ​។​

​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​រូបនោះ​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះ នៅ​ទីស្តីការគណរដ្ឋមន្ត្រី ។ លោកស្រី​បញ្ជាក់ថា រាល់​ការចំណាយ​លើ​ការធ្វើ​តេស្ត​ស្វែងរក មេរោគ​កូ​វីដ​១៩​ទាំងអស់​គឺ​រដ្ឋ​ជា​អ្នកចំណាយ​ទាំងអស់ ។ លោកស្រី​ក៏បាន​ច្រានចោល​ផងដែរ​ចំពោះ ការផ្សព្វផ្សាយ​ដែលថា អ្នក​ដែល​ធ្វើតេស្ត​រក​មិនឃើញ​មេរោគ​កូ​វីដ​១៩ តម្រូវឱ្យ​បង់លុយ​។​

​លោកស្រី ឱ វណ្ណឌី​ន ក៏បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា តាម​ការប៉ាន់ប្រមាណ​ជំហាន​ដំបូង អ្នកជំងឺ Covid-19 នៅ​កម្ពុជា អាច​នឹងមាន​ការឆ្លង​ទៅដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​ជាបឋម ។ លោកស្រី​បញ្ជាក់ថា ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​មាន​សមាជិក​៣​នាក់ ដូច្នេះ​យើង​អាច​គុណ នឹង​ចំនួន​អ្នក​ឆ្លង​ចំនួន​៣៥​នាក់​។ ប៉ុន្ដែ​ក្រសួង​បាននិងកំពុង​ខិតខំ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លង​បន្ដទៅទៀត​ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ មិនទាន់មាន​ការចម្លង​ណាមួយ​ចូលទៅ​សហគមន៍​នោះទេ​៕