ជប៉ុនត្រៀមផ្តល់កិច្ចសហការគំាទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រឆាំង និងទប់ស្កាត់វីរុស Covid-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2020 ក+ ក-

ភ្នំពេញ ៖ ស្ថិតក្នុងបរិកាណ៍ដែលពិភពលោកកំពុងមានគ្រោះអាសន្នដោយវិបត្តិនៃវីរុស Covid-19 រដ្ឋាភិបាល ជប៉ុនបានប្រកាសថា ខ្លួនបានត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការគំាទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាលដាលនៃវីរុស Covid-19 នេះ ដែលនាំឱ្យរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាធ្វើការកត់សម្គាល់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន ជានិច្ចជាកាល តែងតែជួយឧបត្ថម្ភគាំទ្រ ទាំងកំលាំងកាយ កំលាំងចិត្ត និងធនធានដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា។

ក្នុងឱកាសនៃការជួបពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ដែលអមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) នៅកម្ពុជាផងនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងស្ថានភាពដែលពិភពលោកកំពុងតែជួបវិបត្តិ និងបញ្ហាប្រឈមទៅនឹងវីរុស Covid-19 បណ្តាប្រទេសជុំវិញពិភពលោកកំពុងចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាលដាលនៃវីរុសមួយនេះដែលកំពុងរាតត្បាត បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវិភាពរស់នៅនាពេលបច្ចុប្បន្ន ។ យ៉ាងណាមិញ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន ក៏កំពុងតែរងគ្រោះដូចគ្នា ដោយសារវីរុស Covid-19 ហើយកម្ពុជាក៏សូមអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការគំាទ្រផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាល ដាលនៃវីរុសCovid-19នេះ។ ជាការឆ្លើយតបលោកទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការទាន់ពេលវេលា និងភ្លាមៗកន្លងមក លើករណីជនជាតិជប៉ុន ដែលធ្វើទេសចរណ៍តាមនាវា Westerdam ដែលត្រូវជាប់គាំង ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្ត ទុកដាក់ និងអនុញ្ញាតឲ្យនាវានោះចូលចតដោយសុវត្ថិភាពនៅកម្ពុជា ។

ក្នុងជំនួបនេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏អរគុណផងដែរចំពោះរដ្ឋាភិបាល ជប៉ុន ដែលនៅតែផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជាតាំងដើមរៀងមក ដែលសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុននៅតែជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ប្រទេស កម្ពុជា ។

ដោយឡែក លោក Masahiro MIKAMI បានបញ្ជាក់ថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានាឲ្យកាន់តែរីកចំរើនបន្ថែមទៀត និងសូមថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា-ជប៉ុន នាពេលកន្លងមក ។

ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគពីវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឲ្យបានច្រើនបន្ថែមទៀត៕