​ព័ត៌មានខ្លីៗ សំខាន់ៗប្រចាំថ្ងៃ ! សាលាឧទ្ទរណ៍តំបន់ចំនួនបី នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមខែមេសា នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2020 ក+ ក-
សាលាឧទ្ទរណ៍តំបន់ចំនួនបី នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមខែមេសា នេះ

 

សាលាឧទ្ទរណ៍ទាំងបីនេះ មាននៅក្នុងខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង ។សលាឧទ្ទរណ៍នេះ មានសមត្ថកិច្ចបើកសវនាការជំនុំជម្រះលើសំណុំរឿងដែលស្ថិតក្នុងដែនដីរបស់ខ្លួន៕

អាជ្ញាធរថៃ បានចេញវិធានការបន្ទាន់ទប់ស្ថានភាពនៃកូវីឌ១៩ កុំឲ្យឈានទៅកាន់តែធ្ងន់ធ្ងរ

 


ចំនួនអ្នកឆ្លងកូវីដ១៩ នៅថៃ បានកើនឡើងខ្លាំងគួរឲ្យព្រួួយបារម្ភបំផុត។ មនុស្ស ១៨៨នាក់ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកកូវីដ១៩ នៅថ្ងៃអាទិត្យទី ២២មីនា ដែលធ្វើឲ្យអ្នកឆ្លងសរុបនៅថ្ងៃមានចំនួន ៥៩៩នាក់។ប្រឈមនឹងការឆ្លងរាលដាលកាន់តែលឿនរហ័សនេះ អាជ្ញាធរថៃបានចេញវិធានការមួយចំនួន បន្ថែម ដោយបាន សម្រេចបិទហាងទំនិញ ហាងកែសម្ផស្ស ផ្សារទំនើប មជ្ឈមណ្ឌល ពាណិជ្ជកម្ម ទាំងអស់ ទូទាំងក្រុងបាងកក ចាប់ពីថ្ងៃអាទិត្យ ទី ២២មីនា រហូតដល់ថ្ងៃទី ១២មេសា៕

ប៉ូលិស និង គយ របស់ប្រទេសឆែក ចុះចាប់រឹបអូសយក ម៉ាស និងឧបករណ៍សម្រួលផ្លូវដង្ហើម

 

ជិត ៧សែន នៅក្នុង ឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនឯកជនមួយ នៅភាគខាងជើង ប្រទេស។ អាជ្ញាធរឆែក បានបង្ហាញពីជោគជ័យធំធេងក្នុងការបង្រ្កាបទៅលើក្រុមឈ្មួញលក់ក្នុងទីផ្សារងងឹតក្នុងតម្លៃខ្ពស់។

សាធារណរដ្ឋឆែក កំពុងរងការចោទប្រកាន់ថា បានបន្លំលួច យកម៉ាស និងគ្រឿងបរិក្ខាពេទ្យដែលប្រទេសចិនបញ្ជូនទៅឲ្យ អ៊ីតាលី ខណៈដែលអ៊ីតាលី កំពុងរងគ្រោះខ្លាំងមានមនុស្ស ស្លាប់ដោយ កូវីដ១៩ ច្រើនជាងគេបំផុតក្នុងពិភពលោក៕

 គុយបា និងរុស្ស៊ី បញ្ជូន គ្រូពេទ្យ ទៅ ជួយ អ៊ីតាលី

 


នៅអ៊ីតាលី ក្នុងមួយថ្ងៃសៅរ៍ទី ២១មីនា មានអ្នកជម្ងឺ កូវីដ១៩ ប្រមាណជិត ៨០០នាក់ បានស្លាប់។ មន្ទីរពេទ្យនៅអ៊ីតាលី កំពុងស្ថិតនៅ ក្នុងភាពអាសន្នធ្ងន់ធ្ងរបំផុត ដោយខ្វះសម្ភារៈចាំបាច់ ក្នុងការសង្រ្គោះជីវិតអ្នកជំងឺ ដែលកើនឡើងឥតឈប់។ ដើម្បី ជួយ សម្រាល ការលំបាកនេះ រដ្ឋាភិបាលគុយបា និងរុស្ស៊ី បានសម្រេចបញ្ជូនក្រុមគ្រូពេទ្យ និងសម្ភារៈពេទ្យមួយ ចំនួន ទៅជួយ អ៊ីតាលី។

 ជំងឺ COVID-19 សម្លាប់មនុស្សនៅអ៊ីរ៉ង់ ជិត ៧.០០០នាក់

 

តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នេះ រាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់បានកើនឡើងដល់ ១.៦៨៥នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ២១.៦៣៨ករណី ខណៈអ្នកជំងឺ ៧.៩១៣នាក់ក៏បានជាសះស្បើយរួចទៅហើយដែរ។

អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងលក់ទំនិញ និងសូម្បីតែឱសថស្ថាន ក៏ត្រូវបានបញ្ជាឲ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ឲ្យកាន់តែខ្លាំងក្លា តែរដ្ឋាភិបាលអ៊ីរ៉ង់ សម្រេចប្រើប្រាស់ផ្សារទំនើបធំមួយនៅកណ្តាលរដ្ឋធានីតេហេរ៉ង់ ធ្វើជាកន្លែងទទួលព្យាបាលអ្នកជំងឺឆ្លង COVID-19 ដែលអាចមានសមត្ថភាពផ្ទុកមនុស្ស ៣,០០០នាក់៕

 ករណីកូវីដ១៩ នៅស្រុកកងមាស មានមនុស្ស៤០នាក់ត្រូវដាក់ឲ្យនៅដោយឡែក

 

មនស្ស ៤០នាក់ ដែលមានទំនាក់ទំនងជាមួយបុរសជនជាតិម៉ាឡេស៊ី ចំនួន ៧នាក់ដែលឆ្លង COVID-19 នៅស្រុកកងមាស ត្រូវបានរៀបចំឲ្យពួកគេដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ព្រមទាំងបានយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា រួចហើយ និងកំពុងរង់ចាំលទ្ធផលនៃការវិភាគ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់នៅព្រឹកថ្ងៃទី២២ ខែមីនា នេះថា ចំណាត់ការយកមនុស្សដាក់ដាច់ដោយឡែកទាំង ៤០នាក់នៅតាមមូលដ្ឋាននានាស្រុកកងមាស ខេត្តកំពង់ចាម នោះ បានធ្វើឡើងភ្លាមៗនៅក្រោយពេលក្រសួងសុខាភិបាលប្រកាសថា បុរសជនជាតិម៉ាឡេស៊ី ៧នាក់ នោះ ត្រូវបានរកឃើញមានផ្ទុក COVID-19 ៕

 ពលរដ្ឋ និងពលករខ្មែរនៅម៉ាឡេស៊ី អាចទៅពិនិត្យ”កូវីដ១៩”ដោយឥតគិតថ្លៃ

 

ភ្នំពេញ ៖ ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ជូនដំណឹងដល់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ ឬធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវទៅពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ទោះគ្មានច្បាប់ស្នាក់នៅក៏ដោយ បើសិនមានសញ្ញាណាមួយដែលសង្ស័យជារោគសញ្ញានៃវីរុស COVID-19។

ក្នុងសេចក្តីជូនដំណឹង វានបង្ហាញខ្លះៗពីរោគសញ្ញាដែលគួរឲ្យសង្ស័យដូចជា ៖ ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពងក ហៀរសំបោរ និងដកដង្ហើមថប់ណែន…។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា បើទោះបីជាការស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី ពុំមានការលើកលែងទោសក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលអនុវត្តបទបញ្ជារឹងបន្តឹងការធ្វើដំណើរ អាជ្ញាធរម៉ាឡេស៊ី មិនចាប់ ឬឃាត់ខ្លួនជនទាំងឡាយណា ដែលសង្ស័យថាកើតជំងឺ COVID-19 រួមទាំងអ្នកជូនអ្នកជំងឺទៅមន្ទីរពេទ្យផងដែរ ដោយពិនិត្យដោះស្រាយតាមករណីជាក់ស្តែងនីមួយៗ៕

ចិន រាយការណ៍ថា គ្មានករណីឆ្លងថ្មីនៃវីរុស កូរ៉ូណា ៥ថ្ងៃ ជាប់គ្នា

 

ចិន ៖ គណៈកម្មាធិការសុខភាពជាតិរបស់ចិន បានរាយការណ៍នៅព្រឹកនេះថា គ្មានករណីឆ្លងថ្មីនៃវិរុស កូរ៉ូណា សូម្បីតែម្នាក់នៅក្នុងរយៈពេល៥ថ្ងៃជាប់គ្នា ខណៈមានការឆ្លងថ្មី ចំនួន ៣៩ករណីដែលនាំចូលពីបរទេស និងមានអ្នកស្លាប់ ចំនួន ៩នាក់ ផ្សេងទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។ នេះបើយោងតាមប្រភពពី CGTN ។

របាយការណ៍ដដែលបានបញ្ជាក់ ចំនួនករណីឆ្លងនៅ ចិនដីគោកសរុប ៨១.០៩៣នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣.២៧០ នាក់ ។នៅថ្ងៃដដែល អាជ្ញាធរសុខាភិបាល ចិន បាននិយាយថា អ្នកជម្ងឺចំនួន ៤៥៩នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់ ៧២.៧០៣នាក់ នៅទូទាំងប្រទេស ៕

 ទណ្ឌិតជិត៤០០នាក់ស្ថិតក្នុងបញ្ជីត្រូវពិនិត្យដើម្បីបន្ធូរបន្ថយ និងលើកលែងទោសអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

 

ភ្នំពេញ ៖ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៃក្រសួងយុត្ដិធម៌កំពុងពិនិត្យបញ្ជីឈ្មោះទណ្ឌិតចំនួន ៣៩៩នាក់(ស្ដ្រី៤៣នាក់) ដើម្បីដាក់ក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខែមេសា ខាងមុខ។

លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានប្រាប់ថា សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះគណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដែលមានរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គ វង្ស វឌ្ឍានា ជាប្រធានបានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្តចំនួន ២២ (ពន្ធនាគារ ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន ៤)៕