កម្ពុជានៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាធម្មតា តែហាមការជួបជុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2020 ក+ ក-

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបជុំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី ២៥ ខែមីនា នេះថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតែប្រារព្ធធ្វើជាធម្មតា ក៏ប៉ុន្តែហាមមានការជួបជុំគ្នា។
សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាចជួបជុំសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមផ្ទះរៀងៗខ្លួនបាន ខណៈដែលកម្ពុជា នាពេលនេះ មិនទាន់ប្រកាសឲ្យបិទផ្សារ ភោជនីយដ្ឋាន ហាងបាយ ហាងគុយទាវ ឬហាងកាហ្វេ នោះដែរ លើកលែងតែការប្រារព្ធពិធីសាសនា ពិធីជួបជុំផ្សេងៗមានមនុស្សច្រើន ក្លឹបកំសាន្ត រោងភាពយន្ត ខារ៉ាអូខេ ការប្រគុំតន្ត្រីជាដើម។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត នឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០៕