អ្នកទោសជិត៤០០នាក់ត្រូវបានដាក់ស្នើសុំបន្ធូបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យចូលឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2020 ក+ ក-

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្ដ្រីថា បញ្ជីឈ្មោះរបស់ទណ្ឌិតដែលត្រូវបានបញ្ជូនមកពីគ្រប់រាជធានី-ខេត្តមកក្រសួងប្រជុំពិភាក្សាដើម្បីបន្ធូរបន្ថយ និងលើកលែងទោសសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខមានសរុប ៣៩៩រូប។

លោកបញ្ជាក់ថា ការបន្ធូរបន្ថយ និងលើកលែងទោសសម្រាប់ទណ្ឌិតអាចអនុវត្តន៍ទៅបានលុះត្រាណា ជាទណ្ឌិតដែលបានអនុវត្តទោស២ភាគ៣នៃទោសសរុប និងទណ្ឌិតដែលអនុវត្តទោសបាន១ភាគ៣នៃទោសសរុបអាចទទួលបានការបន្ធូរបន្ថយទោស ហើយត្រូវគិតលើលក្ខខណ្ឌ និងគោលការណ៍ធំ៣ក្នុងនោះរួមមាន ៖ ១. លក្ខខណ្ឌច្បាប់, ២. លក្ខខណ្ឌការកែប្រែខ្លួន និងការកសាងខ្លួនក្នុងពន្ធធនាគារ, ៣. គោលការណ៍មនុស្សធម៌.

លោក ជិន ម៉ាលីន បញ្ជាក់បន្ថែមថា បទល្មើសដែលគណៈកម្មការថ្នាក់ជាតិលើកយកមកដាក់ស្មើសុំបន្ធូបន្ថយ និងលើកលែងទោស ​គឺភាគច្រើនជាបទល្មើសស្រាលៗកើតទៅលើ ស្ត្រីមានផ្ទៃពោះ កុមារ មនុស្សចាស់ មនុស្សមានជំងឺរាំរ៉ៃ។ មានបទល្មើស២ដែលគណៈកម្មការថ្នាក់ជាតិមិនយកមកពិចារណគឺ បទល្មើសឃាតកម្មសាហាវឃោរឃៅ និងគ្រឿងញៀន។ សម្រាប់ចំនួនច្បាស់លាស់ទណ្ឌិតត្រូវបានបន្ធូបន្ថយទោស និងលើកលែងទោសមានប៉ុន្មាននោះរងចាំព្រះរាជក្រឹត្យចេញ។

សូមបញ្ជាក់ថា សព្វថ្ងៃទណ្ឌិតដែលជាប់ឃុំនៅពន្ធធនាគារនៅទូទាំងប្រទេសមានសរុបជាង៣ម៉ឺននាក់៕