វិស័យកាត់ដេរនៅកម្ពុជារងទុក្ខពីរជាន់ ក្នុងឆ្នាំ២០២០ នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2020 ក+ ក-

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០៩នេះ វិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ទទួលរងនូវទុក្ខផ្ទួនៗ ដោយទី១ សហគមន៍ ត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ និងបញ្ហាធំ ដែល ពិភពលោកកំពុងជួបប្រទះនោះ គឺជំងឺកូវីដ ១៩ ដែលរាលដាលកាន់តែខ្លាំងលើពិភពលោក ក្នុងនោះប្រទេសអ្នកបញ្ជាទិញធំៗដូចជាអាមេរិក និងសហភាពអឺរ៉ុបក៏កំពុងតែរងទុក្ខធ្ងន់ផងដែរពីជំងឺនោះ។

ស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់នេះតាមរបាយការណ៍សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្លៀកជើងកម្ពុជា បានបង្ហាញថា អ្នកបញ្ជាទិញប្រមាណ៧០ភាគរយ ទៅ ៨០ភាគរយ បានស្នើសុំផ្អាកការបញ្ជាទិញដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។

ដោយឃើញថាស្ថានភាពកាន់តែអាក្រក់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសមួយលើកលែងពន្ធលើប្រាក់ចំណូល ឬប្រាក់ចំណេញរបស់សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ទៅតាមកម្រិតនៃការប៉ះពាល់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង បានអោយដឹងថា ការលើកលែងពន្ធលើប្រាក់ចំណូលនេះ ហាក់មិនបានជួយសម្រាលបន្ទុកច្រើនប៉ុន្មានទេ ដល់វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរនៅកម្ពុជា ស្របពេលអ្នកបញ្ជាទិញធំៗមួយចំនួនបានសម្រចផ្អាកការបញ្ជាទិញពីកម្ពុជាដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ១៩ ។ លោកថា សហគ្រាសក្នុងវិស័យកាត់ដេរ មិនរំពឹងថាឆ្នាំនេះ សហគ្រាសវាយនភណ្ឌកាត់ដេរនៅកម្ពុជាទទួលបានប្រាក់ចំណេញនោះទេ ។

លោកបន្តថា អ្វីដែលជាបញ្ហាប្រឈមធំរបស់រោងចក្រពេលនេះ និងពេលខ្លីខាងមុខគឺបញ្ហាលំហូរសាច់ប្រាក់ ពីព្រោះយើងមិនអាចដឹកទំនិញទៅឲ្យអ្នកបញ្ជាទិញបាន ហើយក៏អត់បានការទូទាត់សាច់ប្រាក់ ដូច្នេះខាងរោងចក្រអត់មានលុយសម្រាប់បើកប្រាក់ខែឲ្យកម្មករនិយោជិតនោះទេ ។អ្វីដែលយើងអាចនិយាយបាននៅពេលនេះគឺថា ៦ខែទៅមុខនេះ មានភាពមិនច្បាស់លាស់ទាល់តែសោះ ហើយអ្វីដែលជាក្តីបារម្ភធំនោះគឺទីផ្សារនាំចេញរបស់ កម្ពុជា ។អ្វីដែលត្រូវផ្តោតគឺការអនុវត្តយន្តការផ្សេងៗដើម្បីរស់ក្នុងរយៈពេលខ្លីខាងមុខនេះ ។

បើតាមលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានអោយដឹងថា វាជាការពិតណាស់ដែលវិស័យនេះរងនូវផលប៉ះពាល់ផ្ទួនៗ ទាំងEBA និងកូវីដ ១៩នេះ ។ ក្នុងស្ថានភាពនេះគឺគ្រប់ប្រទេសលើពិភពលោកគឺត្រូវការសង្គ្រោះប្រជាជនគេ ដូច្នេះគេត្រូវការបិទប្រទេសគេមួយរយៈសិន ដើម្បីអោយទប់ស្កាត់ហើយការបញ្ជាទិញពីកម្ពុជាក៏ត្រូវបានផ្អាកផងដែរ ។ តែយ៉ាងណាក៏ដោយអ្នកបញ្ជាទិញក៏គួរតែគិតគូរ ដល់ជីវភាព កម្មករនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែរងផលប៉ះពាល់ពីជំងឺកូវីដ ១៩នេះផងដែរ ដោយមានការឧបត្ថម្ភមួយចំនួន ដល់កម្មករ ហើយរដ្ឋាភិបាលកម្ពុជាជួយខ្លះទៅពួកគេអាចនឹងគេចផុតពីវិបត្តិធ្ងន់ធ្ងរបានមួយកម្រិត។

លោកបន្តថា បច្ចុប្បន្ននេះ រោងចក្រប្រមាណ ៥០ត្រូវបានបិទ ហើយប៉ះពាល់ដល់កម្មករ ប្រមាណ៣ម៉ឺននាក់ផងដែរ អត់ការងារធ្វើ ហើយបើសិនជាស្ថានភាពនេះ នៅតែបែបនេះទៀត នៅក្រោយខែមេសា ស្ថានភាពនៃការអត់ការងារធ្វើរបស់កម្មករ នឹងកាន់តែច្រើនឡើង ហើយមានជាបន្តបន្ទាប់ ។ យ៉ាងណាក៏ដោយ នៅពេលស្ថានភាពកូវីដ ១៩ បានប្រសើរឡើងវិញ លោកស្នើអោយសហភាពអឺរ៉ុប ពិចារណាក្នុងការជួយកម្ពុជា ដោយបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ មកដល់កម្ពុជាបន្តទៀត ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ ។
សូមបញ្ជាក់ថា វិស័យឧស្សាហកម្មកាត់ដេរ ជាវិស័យមួយដែលផ្ដល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាច្រើនជាងគេ ដែលមានចំនួនដល់ជិត១លាននាក់ ផ្ដល់ប្រាក់ចំណូលប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដល់កម្មករ និយោជិត និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ផងដែរ ។ ប៉ុន្តែ នៅឆ្នាំ២០២០នេះវិស័យនេះហាក់ទទួលរងនូវបញ្ហាផ្ទួនៗ ដែលទាមទារអោយភាគីពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយបន្ទាន់ផងដែរ៕