រដ្ឋសភាជាតិ បើកកិច្ចប្រជុំអនុម័តលើសេចក្តីស្នើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2020 ក+ ក-

ភ្នំពេញ ៖ ព្រឹកនេះ រដ្ឋសភាជាតិ បានដំណើរការនៃសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់សម័យប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាផងដែរ។

សម័យប្រជុំនេះ បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ញើបញ្ជីឈ្មោះសមាសភាពរាជរដ្ឋាភិបាលមួយចំនួន ដែលត្រូវផ្លាស់ប្តូរថ្មីទៅកាន់រដ្ឋសភា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្តពីសមាជិកសភា។

កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបអំពីការកែសម្រួលគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរសមាសភាពនេះ គឺជារឿងធម្មតានៃការដឹកនាំរបស់រដ្ឋនីមួយៗ។

សូមជម្រាបថា សមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ នេះ មានឧបនាយករដ្ឋមន្ត្រី ១០រូប, ទេសរដ្ឋមន្ត្រី ១៧រូប និងរដ្ឋមន្ត្រី ២៩រូប។ សមាសភាពរដ្ឋមន្ត្រីមួយចំនួន មានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីផងដែរ៕