មេបញ្ជាការ​នាវាចម្បាំង​អាមេរិក​ដ​ង្ហើ​យ​សុំ​បញ្ជូនទាហាន​ផ្ទុកមេរោគ COVID-19 ឡើងគោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2020 ក+ ក-

អាមេរិក ៖ មេបញ្ជាការ​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​មួ​យ​គ្រឿង ដែល​កំពុង​សំចត នៅ​កំពង់ផែ​កោះ​ហ្គាំ ខណៈ​នេះ​បាន​សរសេរ​លិខិត​មួយច្បាប់​ទៅ​ក្រសួងការពារជាតិ​អាមេរិក ដើម្បី​ស្នើ​ឲ្យ​បញ្ជូន​នាវិក​ដែល​ផ្ទុកមេរោគ COVID-19 ជាង​១០០​នាក់​ដែល​កំពុង​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​បដិសេធ​ចំពោះ​សំណើ​នេះ។​

​សូមជម្រាបថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​កងទ័ពជើងទឹក​អាមេរិក ឈ្មោះ USS Theodore Roosevelt កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល នូវ​មេរោគ​កូ​វីដ​១៩​។ យោងតាម​លិខិត របស់លោក Brett Crozier មេបញ្ជាការ​ដឹកនាំ​នាវា​នេះ បាន​ឲ្យ​ដឹងថា កាលពី​សប្តាហ៍​មុន គេ​បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ ចំនួន​៣​នាក់ ក្នុងចំណោម​កង​នាវិក​ទាំងអស់​ចំនួន​៤០០០​នាក់ នៅលើ​នាវា​។ តែ​រំលង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ បាន​កើនឡើង​ជាង​១០០​នាក់​ឯណោះ។​

​មេបញ្ជាការ​នាវា​ខាងលើ​បាន​បញ្ជាក់ថា ប្រសិនបើ​ក្រសួងការពារជាតិ បើកភ្លើង​ខៀវ អនុញ្ញាត​ឲ្យ​កង​នាវិក​មួយចំនួនធំ អាច​ឡើងគោក ហើយ​ស្នាក់នៅ​ដាច់ដោយឡែក រយៈពេល​២​សប្តាហ៍​នោះ នោះ​គឺជា​រឿង​ល្អ​បំផុត​។ លោក​បន្តថា មនុស្ស​៤០០០​នាក់ ស្ថិតនៅលើ​នាវា​តែមួយ គឺ​ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​។ ប៉ុន្តែ​សំដី​ចុងក្រោយ​របស់​មេបញ្ជាការ​រូប​នោះបាន​លើកឡើងថា កាលៈទេសៈ​នេះ​គឺ គ្មាន​សង្គ្រាម​ទេ ដូច្នេះ​មិនគួរ​បណ្តោយ​ឲ្យ​ទាហាន​ស្លាប់​ទទេរៗ​នោះឡើយ​៕