ចំនួនអ្នកឆ្លង COVID-19 ទូទាំងពិភពលោកកើនដល់៩៣៥,៥៨១នាក់ ខណៈជាង៤៧,០០០នាក់ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2020 ក+ ក-

បរទេស ៖ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នេះបានបង្ហាញឲ្យដឹងថា ចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងសកលលោកបានកើនដល់ ៩៣៥,៥៨១នាក់ហើយ ដោយក្នុងនោះ៤៧,២២៣នាក់ស្លាប់បាត់បង់ជីវិត និង១៩៤,២៦០នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ នេះបើយោងតាមគេហទំព័រពិភពលោក worldometers។

គេហទំព័រនេះដដែលបានបង្ហាញថា សម្រាប់ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួន២១៥,០៨១នាក់ ក្នុងនោះអ្នកជំងឺ៥,១០៩ស្លាប់។ សម្រាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺប្រទេសអ៊ីតាលី និងអេស្ប៉ាញនៅបន្តបន្ទាប់គ្នា ដែលមានករណីឆ្លងសរុបលើសពី ១០០,០០០ករណីរៀងៗខ្លួន។

ដោយឡែកសម្រាប់ប្រទេសចិនវិញដែលកន្លងមកត្រូវបានគេចាត់ទុកថា ជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺដ៏កាចសាហាវនេះតាំងពីដើមទី ឥឡូវនេះបានធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ៤ ដែលមានអ្នកឆ្លងសរុបជាង៨០,០០០ករណី នៅទូទាំងប្រទេស ពោលគឺមានចំនួនតិចជាងសហរដ្ឋអាមេរិក រហូតដល់ជាង១៣៣,០០០ករណីឯណោះ៕