ពលរដ្ឋ​សាទរ​ ខណ:ស្ពាន​គៀន​ជ្រៃ​​ ក្នុងស្រុកកំពង់សៀម សាងសង់រួចរាល់មុនកាលកំណត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2020 ក+ ក-

ខេត្តកំពង់ចាម​ ៖ ស្ពាន​គៀន​ជ្រៃ​ ដែល​មាន​ទទឹង​ ១០ម៉ែត្រ​ និង​បណ្តោយ ​៩០ម៉ែត្រ​​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ពាន​ថ្មី​ ឃុំ​គៀន​ជ្រៃ​ ស្រុក​កំពង់​សៀម​ ដែលបាន​ស្ថាបនា​​ឡើង​ក្នុងរយ:ពេល​ជាង​៤ខែ​ លើផែនការ៦ខែ ត្រូវបានបញ្ចប់ការសាងសង់ ហើយ​គ្រោង​អនុញ្ញាត​ឲ្យធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ជា​បណ្ដោះ​អាសន្ន​។ ក្នុង​ពេល​ឆាប់ៗ​​នេះ។

ព័ត៌មាននេះ បានធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​សប្បាយ​រីករាយ​ក្នុង​ការ​ទទួល​ស្វាគមន៍​ដំណើរ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ ដែល​បានចុះ​មកពិនិត្យ​ការដ្ឋាន​ខាង​លើ​ នាព្រឹក​ថ្ងៃ​ទី​៣១​ ខែមិនា​ ឆ្នាំ​២០២០​ ​អមដំណើរ​ដោយ​លោក​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ​

គួរ​រំលឹក​ផង​ដែរ​ថា​ ដោយសារទឹកជំនន់​ឆ្នាំ​២០១៩ កន្លងទៅ​នេះ​ ឡើងក៏លឿន ហើយស្រកចុះទៅវិញក៏លឿន បានបង្កឲ្យមានការបាក់ស្រុតដីច្រាំងទន្លេជាច្រើនកន្លែង​ នៅតាមបណ្ដោយដងទន្លេមេគង្គ​ បណ្តាល​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ត្រូវ​កាត់​ផ្តាច់​ ជាមួយ​គ្នានោះ​ស្ពានថ្ម ១កន្លែង នៅ​លើកំណាត់ផ្លូវជាតិលេខ២៧៩(កំពង់ចាម – ស្ទឹងត្រង់) ស្ថិតក្នុង​ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល​មានទំហំ​ ទទឹង​៤ម៉ែត្រ​ និង​បណ្តោយ​៩០ម៉ែត្រ​ បានកសាងឡើង ក្នុងអំឡុងឆ្នាំ២០០១-២០០២​ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នា​រដូវ​ទឹកសម្រក​ បណ្ដាលឲ្យលេចចេញគ្រឹះផ្នែកខាងក្រោមនៃសរសរ​ជើងស្ពាន ដេីម្បី​បញ្ចៀស​នូវ​គ្រោះ​ថ្នាក់​ជាយថាហេតុ​ ដោយ​សារ​ការ​ធ្វេី​ចរាចរ​លើ​ស្ពា​ន​ដែល​ត្រូវ​បាត់បង់​គុណភាព​នេះ លោក អ៊ុន​​ ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ស្នើដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការអត់ធ្មត់ ដោយតម្រូវឲ្យធ្វើចរាចរ​ ទៅតាមផ្លូវវាង​ក្រោម​ស្ពាន​ ជាបណ្ដោះអាសន្នសិន​ ដោយ​ត្រូវ​រង់ចាំក្រសួង​អភិវឌ្ឍន៍ជនបទ​ រៀបចំ​គម្រោង​​ស្ថាបនា​ស្ពានបេតុង​ថ្មី​ ជំនួស​ស្ពាន​ចាស់​ ដែល​ត្រូវ​រុះរើ​ ​ ឲ្យ​បាន​មុន​រដូវ​ទឹក​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ដែល​មាន​ទទឹង​រហូត​ដល់​១០.ម៉ែត្រ​ និង​បណ្តោយ​៩០ម៉ែត្រ​ ផង​ដែរ​ ៕ ដោយ ៖ ប៉ែន សុផល