កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដថ្មី៣ថ្ងៃជាប់គ្នា ខណៈអ្នកជាសះស្បើយកើនដល់៥៣នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2020 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។

ករណីជាសះស្បើយ៣នាក់ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើបុណ្យសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ៕