សម្ដេច​តេ​ជោស្នើ​មេដឹកនាំ​អាស៊ាន​ត្រូវតែ​រួមដៃគ្នា ​នឹង​ប្រែក្លាយ​ការ​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​-១៩​ ទៅជា​សមរភូមិ​រួម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 April, 2020 ក+ ក-

ភ្នំពេញ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យអាស៊ាន ត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធវីដេអូនអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន​ សែន បានលើកឡើងថា ពេលកន្លងមក វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើន គឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេស។ ក្នុងបរិការណ៍សកលភាវូបនីយម្ម និងសមារណកម្មតំបន់, សម្តេច យល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន​ សែន ក៏បានចូលរួមចែករំលែកនូវទស្សនៈមួយចំនួន៦ ដូចខាងក្រោម៖

ទី១៖ ដោយកូវីដ១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិនទាន់បានយល់ដឹង, អាស៊ានត្រូវការចាំបាច់នូវ (១)៖ ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេល វេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស, បទពិសោធ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ, ព្យាបាល និង តាមដាន; (២)៖ ការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ និង (៣)៖ ការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន, បច្ចេកទេស, និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩» ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាល ជាដើម។

ទី២៖ អាស៊ានដែលជាសហគមន៍មានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួល និង កិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់ ដូចជា ការចាត់វិធានការជាឯកតោភាគី ជាអាទិ៍ ការបិទច្រកឆ្លងកាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់ផលិតកម្ម និងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរ, ការប្រកបមុខរបរ, ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៃប្រទេស​ជិតខាងផងគ្នា ក្នុងតំបន់អាស៊ានយើង។

ទី៣៖ ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ត្រូវការថវិកា, សម្ភារបរិក្ខារ ក៏ដូចជាកម្លាំង មនុស្សច្រើន, អ្វីដែលកម្ពុជា អាចផ្តល់ជាបទពិសោធន៍ គឺការជំរុញ និងបំផុសនូវវប្បធ៌មចែករំលែក ដែលនៅក្នុងនេះ គឺមានការចែករំលែកពីស្ថាប័នរដ្ឋទៅប្រជាជន, ការចែករំលែកពីដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទៅប្រជាជន, ការចែករំលែកអ្នកមានធនធានទៅសង្គម និងអ្នកគ្មានធនធាន និងការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធ៌មនេះ គឺមិនត្រឹមតែបន្ថយនូវសម្ពាធមកលើថវិកាជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួបរួម, ស្មារតីជាប្រជាជាតិតែមួយ និងចលករក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផងដែរ។

ទី៤៖ យើងត្រូវជៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្ដីបន្ទោស ដែលជា ល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព, ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌ និង សាមគ្គីភាពអន្តរជាតិ, កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០នាក់ ចូលចត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ។ កម្ពុជា មិនត្រឹមតែបាន និងកំពុងជួយព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ, ប៉ុន្តែ ក៏បានព្យាបាលទាំងជនបរទេស រួមមាន ឥណ្ឌូណេស៊ី ២នាក់, ម៉ាឡេស៊ី ១៣នាក់, ចិន ១នាក់ អង់គ្លេស ៥នាក់, បារាំង ៤០នាក់, កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, និងអាមេរិកកាំង ២នាក់ ដោយមិនគិតថ្លៃនៅកម្ពុជា។

ទី៥៖ យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ជាពិសេស ចំពោះប្រជាជនអាស៊ាន ដែលជាប់គាំងដំណើរ ឬ រងគ្រោះដោយជំងឺកូវីដ១៩។ ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់បណ្ដាប្រទេសសមាជិកអាស៊ាន ដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាប់គាំងដំណើរតាមផ្លូវ និងនៅតាមព្រលានយន្តហោះមួយចំនួនកន្លងមក។ កម្ពុជា ក៏បានខិតខំជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ។ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជា បានសម្របសម្រួលឱ្យម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលពលរដ្ឋម៉ាឡេស៊ី ដែលជាប់នៅកម្ពុជាចំនួន ១១១នាក់។

ទី៦៖ អាស៊ាន ត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋ កិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់ ។ កម្ពុជា យល់ថា អាស៊ានត្រូវពន្លឿនការអនុវត្តផែន​ការ និងយន្តការនានាដែលមានស្រាប់ ឱ្យបានលឿន ក៏ដូចជាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់, លុបបំបាត់របាំងមិនមែនពន្ធ និងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម។ បន្ថែមពីនេះ យើងក៏ត្រូវជំរុញការអនុវត្តគំនិតផ្តួចផ្តើមនានា សម្រាប់សមាហរណកម្មអាស៊ាន ដោយផ្តោតលើ (១)៖ ការលើកកម្ពស់សហគ្រាសមីក្រូ, តូច និង មធ្យម (MSMEs) និងការបង្កើតធុរកិច្ចថ្មីផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា (Start-ups); (២)៖ ការលើកកម្ពស់កិច្ចសហការរវាងវិស័យឯកជន និង សាធារណៈ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល និង (៣)-ការអភិវឌ្ឍធនធានមនុស្ស និង ជំនាញវិជ្ជាជីវៈឌីជីថល៕