លុយអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅបន្តចាយវាយបានដូចធម្មតា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2020 ក+ ក-

ភ្នំពេញ ៖ លុយដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅតែបន្តចាយវាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខ នេះ ធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកទាំងបីប្រភេទនេះពីគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ តែប៉ុណ្ណោះ ។

បើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា នឹងផ្ដល់ពេលវេលាចំនួន ៣ខែទៀតដោយចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ដុល្លារនោះ មកធនាគារជាតិកម្ពុជាដើម្បីដឹកជញ្ជូនទៅក្រៅប្រទេសដោយឥតគិតកម្រៃសេវា។

ក្នុងសេចក្តីប្រកាសរបស់ធនាគារជាតិ បានបញ្ជាក់ថា ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ដែលបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងបីប្រភេទនេះ មានកម្រិតទាបនៅក្នុងទីផ្សារកម្ពុជា៕