WB នឹងផ្តល់១៥លានដុល្លារសម្រាប់គម្រោងបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជាមុនចូលបម្រើការងារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2020 ក+ ក-

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃទី៣១ឧសភា ២០២០នេះ បានអនុម័តកញ្ចប់ថវិកាចំនួន ១៥លានដុល្លារអាមេរិក ដែលជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដល់គម្រោង ពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជាមុនពេលចូលបម្រើការងារ ដើម្បីជួយប្រទេសនេះ ក្នុងការពង្រឹងការបំប៉នជំនាញដល់គ្រូពេទ្យមុនចូលបម្រើការងារ ក្នុងគោលដៅឈានទៅកែលម្អគុណភាពសេវាថែទាំសុខភាពឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង ។

យោងតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកបានអោយដឹងថា ប្រទេសកម្ពុជានៅជួបការខ្វះខាតគ្រូពេទ្យជំនាញមានគុណវុឌ្ឍិច្រើន ពិសេសនៅក្នុងផ្នែកសាធារណៈ ហើយបើគិតជាចំនួនវិញ គឺមានវេជ្ជបណ្ឌិតចំនួន ១,៤នាក់ និងគិលានុបដ្ឋាយិកានិងឆ្មប៩,៥នាក់ តែប៉ុណ្ណោះ សម្រាប់មនុស្ស ១០ ០០០ នាក់។ អត្រាទាំងនេះគឺនៅទាបមែនទែនធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត ៩នាក់ និងគិលានុបដ្ឋាយិកា ១៩នាក់សម្រាប់មនុស្ស ១០ ០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេសមានចំណូលទាប និងមធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។

នៅប្រទេសកម្ពុជា វេជ្ជបណ្ឌិតច្រើនតែធ្វើការនៅតាមអគារព្យាបាលជំងឺកម្រិតទីពីរ(មធ្យម) និងកម្រិតទីបី(ខ្ពស់) រីឯអាគារថែទាំកម្រិតបឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកានិងឆ្មប ជាអ្នកមើលថែទាំជំងឺ។ ភាគច្រើនៃវេជ្ជបណ្ឌិតជំនាញទូទៅបម្រើការងារនៅតាមមន្ទីរពេទ្យខេត្ត (មាន ៦៣ភាគរយ) ខណៈដែលវេជ្ជបណ្ឌិតឯកទេសច្រើនលើសលប់ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មានដល់ទៅ ៧៩ភាគរយ)។

ដើម្បីជួយប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោងនឹងជួយនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះមាន ការពង្រឹងបទប្បញ្ញត្តិ និងការធ្វើស្តង់ដានីយកម្មសម្រាប់ការអប់រំបណ្តុះបណ្តាលគ្រូពេទ្យ, ការប្រលងសមត្ថភាពពេទ្យបញ្ចប់ការសិក្សាថ្នាក់ជាតិ, និងការផ្តល់ជំនួយបច្ចេកទេស និងការដោះដូរចំណេះដឹងបទពិសោធន៍ស្តីពីការអប់រំគ្រូពេទ្យជំនាញ។

គម្រោងនេះនឹងជួយផងដែរដល់ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ នៅក្នុងកម្មវិធីគ្រូពេទ្យជំនាញចំនួនប្រាំមួយ គឺ ផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។ កម្មវិធីទាំងនេះត្រូវបានកំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ សម្រាប់ការអប់រំបណ្តុះបណ្តាលមុនចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២៥។ រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាពបរិយាបន្នសង្គមនឹងត្រូវបានបញ្ជ្រាបចូលទៅក្នុងការអភវិឌ្ឍរៀបចំ និងក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាពទំាងនេះ នាពេលខាងមុខ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការវិនិយោគទៅលើការកសាងសមត្ថភាពសម្រាប់គ្រូពេទ្យជំនាញតាមរយៈការបំប៉នពួកគេឱ្យទទួលបានចំណេះដឹង និងជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩ និងការពង្រឹងអភិបាលកិច្ចវិស័យសុខាភិបាល គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធផ្តល់សេវាសុខាភិបាលនៃប្រទេសកម្ពុជា»។ លោកស្រីពោលបន្តទៀតថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជាក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះបំផុត»៕