WHO រំពឹង​ទទួលលទ្ធផល​ដំបូង​ពី​ថ្នាំ​ព្យាបាល COVID-19 ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2020 ក+ ក-

ហ្សឺណែវ ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ចុងសប្តាហ៍កន្លងទៅ​ថា WHO គួរតែ​ទទួលបាន​លទ្ធផល​ឆាប់ៗ​នេះ​ពី​ការសាកល្បង​ព្យាបាល​ដែល​ខ្លួន​កំពុង​រៀបចំ​ធ្វើ​ឡើងលើ​ថ្នាំ​ដែល​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​អ្នកជំងឺ COVID-19។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ដោយ​សម្ដៅលើ​ការសិក្សា​ព្យាបាល​ដែល​ភ្នាក់ងារ UN កំពុង​រៀបចំ​ធ្វើឡើង​ថា “​អ្នកជំងឺ​ជិត ៥,៥០០ នាក់​នៅក្នុង​ប្រទេស​ចំនួន ៣៩ មកទល់ពេលនេះ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការសាកល្បង​ព្យាបាល​ដែលមាន​ឈ្មោះថា​សាមគ្គីភាព​”។ ​លោក​បាន​និយាយថា “​យើង​រំពឹង​ឃើញ​លទ្ធផល​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខនេះ​”។​

​ការសាកល្បង​ព្យាបាល “​សាមគ្គីភាព​” បានចាប់ផ្តើម​ជា ៥ ផ្នែក​ដោយ​ពិនិត្យមើល​វិធីសាស្ត្រ​នៃ​ការព្យាបាល​ដែល​អាច​កើតមាន​ចំពោះ​ជំងឺ COVID-19 ដូចជា ការថែទាំ​តាម​ស្តង់ដារ ថ្នាំ Remdesivir ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ថ្នាំ Hydroxychloroquine ថ្នាំ​ជំងឺអេដស៍ Lopinavir/Ritonavir និង​ថ្នាំ Lopanivir/Ritonavir ផ្សំ​ជាមួយ​ថ្នាំ Interferon។​

​កាលពី​ដើមខែ​នេះ​វា​បាន​បញ្ឈប់​ការធ្វើ​តេស្ត​ថ្នាំ Hydroxychloroquine បន្ទាប់ពី​ការសិក្សា​បាន​បង្ហាញថា វា​មិនមាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​ដែលមាន​ជំងឺ​នេះ​ទេ ប៉ុន្តែ​ការងារ​ជាច្រើន​ទៀត​នៅតែ​ត្រូវការ​ដើម្បី​មើលថា​តើ​វា​អាចមាន​ប្រសិទ្ធ​ភាពជា​ថ្នាំ​បង្ការ​ដែរ​ឬ​យ៉ាងណា។​

​លោក Mike Ryan ប្រធាន​កម្មវិធី​សង្គ្រោះបន្ទាន់​របស់ WHO បាន​និយាយថា វា​ជាការ​មិន​សម​ហេតុផល​នោះទេ​ក្នុង​ការទស្សទាយ​នៅពេលដែល​វ៉ាក់សាំង​អាច​ត្រូវបាន​ត្រៀមខ្លួន​ប្រឆាំងនឹង​ជំងឺ COVID-19 ដែល​បានសម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់។​
​លោក​បាន​ប្រាប់​សមាគមន៍​អ្នកសារព័ត៌មាន ACANU របស់ UN ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា ខណៈពេលដែល​បេក្ខជន​តេស្ត​វ៉ាក់សាំង​អាច​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា​នៅ​ចុងឆ្នាំ​សំណួរ​គឺថា​តើ​វា​អាច​ត្រូវបាន​ផលិត​ឲ្យ​បាន​ឆាប់​តាមរបៀប​ណា។ ​ឥឡូវនេះ​មិនមាន​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​នេះ​នោះទេ ខណៈពេលដែល​បេក្ខជន​ដែល​សក្តានុពល​ចំនួន ១៨ នាក់​កំពុង​ត្រូវបាន​ធ្វើតេស្ត​លើ​មនុស្ស។​

​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បានការ​ពារ​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​វីរុស​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​ដោយនិយាយ​ថា ពួកគេ​ត្រូវបាន​ជំរុញ​ដោយ​វិទ្យាសាស្ត្រ​នៅពេល​វា​បាន​អភិវឌ្ឍ។ លោក Ryan បាន​និយាយថា អ្វីដែល​លោក​សោកស្តាយ​គឺ​បណ្តាញ​ផ្គត់ផ្គង់​សកល​បាន​រង​ផលប៉ះពាល់ និង​កង្វះខាត​ឧបករណ៍​ការពារ​រប​ស់​បុគ្គលិក​ពេទ្យ។ លោក​បាន​និយាយថា “​ខ្ញុំ​សោកស្តាយ​ដែល​មិនមាន​សិទ្ធិ​ប្រើប្រាស់​ឧបករណ៍ COVID ដោយ​យុត្តិធម៌។ ខ្ញុំ​សោកស្តាយ​ដែល​ប្រទេស​ខ្លះ​មាន​ច្រើនជាង​ប្រទេស​ដទៃទៀត ហើយ​ខ្ញុំ​សោកស្តាយ​ដែល​កម្មករ​ជួរមុខ​បាន​ស្លាប់​ដោយសារ​បញ្ហា​នោះ​”៕