ពហុ​កីឡដ្ឋាន​«មរតក​តេ​ជោ​»នៅ​ខណ្ឌ ​ជ្រោយចង្វា ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៧ បញ្ចប់​ឆ្នាំ​២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2015 ក+ ក-

​ភ្នំពេញ​៖ពហុ​កីឡដ្ឋាន​ជាតិ “​មរតក​តេ​ជោ​” ក្រោម​ជំនួយ​របស់​មហាអំណាច​ចិន ដែល​គ្រោង​សាងសង់ឡើង​ក្នុង​ខណ្ឌ​ជ្រោយចង្វា ខាងជើង​រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ប្រមាណ ៨៣ ហិកតា នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៧ ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ​។​

​កាលពី​វេលា​ម៉ោង ៤ រសៀល​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ក្រុមការងារ​បច្ចេកទេស​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ “​មរតក​តេ​ជោ​” ដែល​នឹង​សាងសង់ឡើង​ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ប្រមាណ ៨៣ ហិកតា​។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សម្តេច និង​លោក ស៊ី ជី​ង​ពីង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​សាងសង់ ដែល​នឹង​បញ្ចុះបឋមសិលា​សាងសង់​នៅក្នុង​ឆ្នាំ​២០១៧ ខាងមុខនេះ​។ ពហុ​កីឡដ្ឋាន​ជាតិ​នេះ គឺ​នឹង​ក្លាយជា​កន្លែង​ហ្វឹកហាត់​កីឡា​ដ៏​សំខាន់បំផុត​សម្រាប់​យុវជន​ខ្មែរ និង​ជា​កន្លែង​ប្រារព្ធ​ពិធី​កីឡា​ជាតិ និង​អន្តរជាតិ កន្លែង​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ផ្សេងៗ ដែលជា​សម្ម​ទ្ធិ​ផល​ដ៏​ធំ​បំផុត​មួយ​ពី​ជំនួយ​មិត្ត​ចិន​ចំពោះ​កម្ពុជា​។​

លោក ​អៀង ​សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​កិច្ចប្រជុំ​ថា គណៈប្រតិភូ​បច្ចេកទេស​ចិន បាន​រាយការណ៍​ជូន​សម្តេច​ហ៊ុនសែន អំពី​ការរៀបចំ​កែសម្រួល ដាក់បញ្ចូល​រចនាបទ​ផ្ការំដួល ដែល​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌​របស់​កម្ពុជា នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ តប​តាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហ៊ុនសែន​។

​គណៈប្រតិភូ​បច្ចេកទេស​ចិន ក៏បាន​លើកឡើងថា ពហុ​កីឡដ្ឋាន​ជាតិ​នេះ ត្រូវបាន​សាង់សង់​មាន​ដំបូល ដែល​អាច​ចាំង​ពន្លឺ និង​ខ្យល់​ចេញចូល​បាន​ផង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ពន្លឺ និង​ខ្យល់​ត្រជាក់ នៅក្នុង​នោះ ដោយមាន​ស្រះ​ទឹក​ព័ទ្ធជុំវិញ ហើយ​អាច​ទទួល​ទស្សនិកជន​បាន​ប្រមាណ ៦​ម៉ឺន​នាក់​។

​ជារួម​ក្រុម​អ្នកបច្ចេកទេស​ចិន បាន​គូសបញ្ជាក់ថា ស្ថាបត្យកម្ម​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ខ្មែរ និង​បរិស្ថាន​បៃតង បន្ថែម​ទៅដោយ​រចនា និង​ការធ្វើ​ចរាចរណ៍​យ៉ាង​ងាយស្រួល​។

​ជាមួយគ្នានេះ ពហុ​កីឡដ្ឋាន​ជាតិ​នេះ អាច​ធ្វើជា​កន្លែង​ប្រគុំ​តន្ត្រី ការិយាល័យ​ធ្វើការ កីឡាបាល់ទាត់ កន្លែង​តាំង​ពិ​ព័រ​ណ៌ អត្តពលកម្ម គឺអាច​ជួល​សម្រាប់​ទាញយក​កំរៃ ដើម្បី​យកមក​ថែទាំ​ពហុ​កីឡដ្ឋាន​ជាតិ​ដោយ​ខ្លួនឯង​។ តាម​គម្រោង ការសាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នឹង​បញ្ចប់​ជា​ស្ថាពរ នៅត្រឹម​ឆ្នាំ​២០២០​។​

​ចំណែក​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា ការជ្រើសរើស​គំរូ​ប្លង់ ដោយ​យក​លំនាំ​តាម​រាង​សំពៅ ដោយ​សំដៅ​ដល់​ប្រវត្តិសាស្ត្រ​ចិន ធ្វើ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ប្រើប្រាស់​សំពៅ​។ បន្ថែម​លើសពីនេះ ក៏​ស្របទៅនឹង​យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន គឺ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ន៍ទី​២១ រួមទាំង​នយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ផងដែរ​។

​សម្តេច ហ៊ុន សែន បាន​សម្តែង​នូវ​ការរីករាយ ដែល​ក្រុមបច្ចេកទេស​បាន​យកចិត្តទុកដាក់ ទៅលើ​បញ្ហា​ជម្លៀស​អ្នកទស្សនា ពេល​មាន​បញ្ហា និង​ការថែទាំ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​។

​សម្តេច ហ៊ុន សែន បាន​បន្តថា តាម​បទពិសោធន៍ កន្លងមក ការសាងសង់ គឺជា​រឿង​លំបាក​មួយ​ហើយ ប៉ុន្តែ​ការថែទាំ គឺជា​រឿង​លំបាក​មួយទៀត​។​

ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែមេសា ឆ្នាំ​២០១៣​។ ការសាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​នេះ ក្នុង​បំណង ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​របស់​កម្ពុជា និង​មួយផ្នែក​ទៀត សម្រាប់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣​។​

​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​សាងសង់​លើ​ផ្ទៃដី ទំហំ ៨៣ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គនាយក​ក្រុមហ៊ុន LYP Group​។ សំណង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​សាងសង់​ជា ៣ ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល​សាងសង់ ៣២ ខែ ចំណាយ​ថវិកា​ជិត ៣៩ លាន​ដុល្លារ​។ ដំណាក់កាល​ទី​២ ប្រើ​រយៈពេល ៣៦ ខែ និង​ដំណាក់កាល​ទី​៣ ប្រើ​រយៈពេល ៤០​ខែ​។

​ក្នុងនោះ ដំណាក់កាល​ទី​១ បាន​ចាប់​អនុវត្ត កាលពី​ឆ្នាំ​២០១២ ហើយ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ដែល​ប្រើ​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា លី​យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន LYP Group​។ ចំណែក​ដំណាក់កាល​ទី​២ អនុវត្ត​នូវ​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​ចុះហត្ថលេខា កាលពី​ខែតុលា ឆ្នាំ​២០១៥​។ រីឯ​ដំណាក់កាល​ទី​៣ គឺជា​ការបន្ថែម​លើ​សម្ភារៈ​កីឡា ក្រោយពី​ការស្ថាបនា​ពហុ​កីឡដ្ឋាន​រួចរាល់​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ហ៊ុនសែន ទៅកាន់​ប្រទេស​ចិន កាលពី​ខែតុលា ឆ្នាំ​២០១៥ គឺ​ចិន​បានផ្តល់​ជំនួយឥតសំណង ១​ពាន់​លាន​យ័ន ស្មើ​ជាង ១៥៧ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ជំនួយ​មួយ​ភាគ​ធំ ( ជាង ១០០ លាន​ដុល្លារ ) នឹងត្រូវ​ប្រើប្រាស់ នៅក្នុង​ការសាងសង់ “​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​” ស្ថិតនៅ​ដី​របស់លោក​ឧកញ៉ា លី​យ៉ុង​ផាត់ តាមផ្លូវ​ជាតិ​លេខ​៦ ជាយ​រាជធានី​ភ្នំពេញ​។​

​ជំនួយ​របស់​ចិន ដើម្បី​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី ដល់​កម្ពុជា តម្លៃ​ប្រមាណ​ជាង ១០០ លាន​ដុល្លារ​នោះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចំពោះមុខ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​៕ghbgvfbbgtvfcaahbgvgcc