ខេត្តសៀមរាប៖ជនពិការម្នាក់ដែល មានជីវភាពក្រលំបាក ហើយរ៉ាប់រងចិញ្ចឹមកូន៧នាក់ និងកំពុងប្រកបរបរលក់ដូរភេសជ្ជៈតាមរ៉ឺម៉កនៅក្នុងក្រុងសៀមរាប បានព្រមានចាក់សាំងដុតសម្លាប់ខ្លួន ប្រសិនជាអាជ្ញាធរជាតិអប្សរា មិនព្រមប្រគល់ឥវ៉ាន់ឲ្យគាត់វិញដើម្បីបន្តលក់ដូរ។
តាមរយៈវីដេអូក្លីបដែលគេចែករំលែកតគ្នាតាមហ្វេសប៊ុកកាលពីម្សិលមិញ បានបង្ហាញវីឌីអូរយៈពេលជាង១០នាទីពីសកម្មភាពបុរសវ័យជាង៥០ឆ្នាំម្នាក់បានយករ៉ឺម៉ករបស់គាត់ ធុងទឹកកក និងកៅអីខ្លះដាក់បិទផ្លូវ៦០ នៅក្នុងក្រុងសៀមរាបជាការតវ៉ា ព្រោះលោកខឹងសម្បារចំពោះមន្ត្រីអាជ្ញាធរអប្សរា ដែលបានដកយកឥវ៉ាន់របស់ខ្លួន។
នៅក្នុងវីដេអូនោះ បុរសពិការបាននិយាយថា អត់លើកកម្ពស់សិទ្ធិជនពិការ ខ្ញុំចាក់សាំងដូចខ្លួនចោលកន្លែងនេះឥឡូវហ្នឹង ដុតចោល ព្រោះអីអត់ឲ្យយើងលក់យើងត្រូវស្លាប់ មិនមែនដូចសម្តេច ហ៊ុន សែន ថាលើកសិទ្ធិជនពិការយើងយកសិទ្ធិទេ មិនមែនទេ ប៉ុន្តែ វាប្រមាថយើងម្តងហើយម្តងទៀត។
ជនពិការូបនោះក៏បានអំពាវនាវសុំឲ្យសម្តេចនាយករដ្ឋមន្ត្រីជួយដល់រូបគាត់ ក៏ដូចជាការលើកស្ទូយដល់ជីវភាពជនពិការ ផងដោយគាត់ថ្លែងបញ្ជាក់ថា ខ្ញុំចង់ឲ្យសម្តេច ហ៊ុន សែន អន្តរាគមន៍ កុំឲ្យធ្វើបាបខ្ញុំទៀត យើងជនពិការ យើងអត់សុំទាន យើងអត់លួច យើងរកស៊ីតាមយុត្តិធម៌របស់យើង យួរកាហ្វេលក់នៅមុខអង្គរ រឿងក្នុងអង្គរយើងអត់ចូលទេ លក់តែខាងក្រៅហេតុអីរករឿងយើងទៀត ។ គាត់បញ្ជាក់បន្ថែមថា រូបគាត់ត្រូវគ្រាប់មីន ពិការភ្នែកម្ខាងងងឹតទាំងស្រុង ហើយភ្នែកម្ខាងទៀតមើលឃើញតិចតួច ។ ចំណែកប្រាក់ខែ២០ទៅ៣០ម៉ឺនរៀលលោកមិនអាចរស់បានទេ។
ជនពិការអ្នកលក់ឥវ៉ាន់រូបនោះត្រូវគេដឹងថា គ្រួសារគាត់បានជួលផ្ទះនៅក្បែរព្រលានយន្តហោះក្នុងក្រុងសៀមរាប ។ ប៉ុន្តែក្រុមមន្ត្រីនិយាយថា បុរសពិការម្នាក់នេះ ធ្លាប់ត្រូវបានហៅណែនាំច្រើនដងហើយ ថា កុំលក់នៅកន្លែងហាមឃាត់ តែគាត់មិនព្រមស្តាប់៕