ឃាត់​ក្មេង​ទំនើង​ជិត​៥០​នាក់ ដែល​បង្ក​ភាពអនាធិបតេយ្យ​តាម​ទីសាធារណៈ​ក្នុង​ក្រុង​បាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2017 ក+ ក-

​បាត់ដំបង ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៤៨​នាក់​យកទៅ​អប់រំ​បន្ទាប់ពី​បាន​ប្រមូល​ផ្តុំគ្នា​ពេលយប់​ហើយ​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា ជក់​គ្រឿងញៀន​គ្មាន​សណ្តាប់ធ្នាប់​នៅលើ​សួនច្បារ​សាធារណៈ​កណ្តាល​ក្រុង​បាត់ដំបង​។​

​លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្កា​បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹង​នៅ​ថ្ងៃទី​១៧ ខែធ្នូ​នេះ​ថា ប្រតិបត្តិ​ការបង្ក្រាប​ក្មេង​ទំនើង​នេះ​អនុវត្ត​លើ​៣​គោលដៅ ដែល​គោលដៅ​ទី​១​នៅក្នុង​បរិវេណ​ស្ថានីយ៍​រថភ្លើង និង​២​គោលដៅ​ទៀត​នៅតាម​ទីសាធារណៈ​នានា​ក្នុង​ក្រុង​បាត់ដំបង ។ ប្រតិបត្តិ​ការចុះ​ឃាត់ខ្លួន​នេះដែរ ធ្វើឡើង​ចាប់ពី​ម៉ោង​១,០០​នាទី រំលង​អា​ធ្រា​ត ដល់​ម៉ោង​៣,៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​។​
​លោក​វរ​:​សេនីយ៍​ទោ សៀក ភា ប្រធានស្តីទី​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល បានអោយដឹងថា ប្រតិបត្តិ​ការចុះ​ប្រមូល​ក្រុម​ក្មេង​ទំនើង​ទាំង​៤៨​នាក់ ជាការ​អនុវត្ត​ក្រោម​វិធានការ​រដ្ឋបាល​ដើម្បី​អប់រំ​ណែនាំ​ដល់​ក្រុម​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ជាន់​ជ​ន្ទ​ល់​កោស​ផ្ទប់​តាម​ថ្នល់ រោ​រិ៍​ម៉ាស៊ីន និង​បង្ហោះ​ម៉ូតូ ។ ជាងនេះទៀត ក្រុម​នេះ បាន​ប្រជុំគ្នា​ជា​ក្រុម​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា​និង​ឈ្លោះប្រកែក​គ្នា​បង្ក​ការភ័យខ្លាច​ដល់​សា​ធា​រណះ​ជន​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ក្រៅពីនេះ​តាម​ចម្លើយ​របស់​ក្រុម​ក្មេង​ដែល​ឃាត់ខ្លួន បាន​សារភាពថា​ពួកខ្លួន​ស្ទើ​តែ​ទាំងអស់​មាន​ជាប់​សរ​ធាតុ​ញៀន​និង​ជា​មុខសញា​ចាស់​ធ្លាប់​ទទួល​ការអប់រំ ណែនាំ​ម្តង​រួចមកហើយ​។​
លោក​វរ​:​សេនីយ៍​ទោ សៀក ភា បន្តថា ក្រុម​ក្មេង​ទំនើង​ទាំងអស់​ដែល​ឃាត់ខ្លួន​យកមក​អប់រំ​នេះ​ចំនួន​៤៨​នាក់ ក្នុងនោះ​មាន​ក្មេង​ចំនួន​៥​នាក់​ជា​មុខសញ្ញា​ជួញដូរ ចែកចាយ​គ្រឿងញៀន ក្មេង​មាន​ជាប់​សារធាតុ​ញៀន​ចំនួន​៣០​នាក់ និង​៣​នាក់​ផ្សេងទៀត​ជា​ក្មេង​ដើរ​ពពាក់ពពូន​តាម​គ្នា​៕