ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ អីហ្វា ហ្គាមេន ដែលស្ថិតនៅភូមិ ត្រពាំងពោធិ៍សង្កាត់ចោមចៅ៣ ត្រូវបានក្រុមចោរមួយក្រុមដែលគេសង្ស័យថា មានរនុកក្នុង បាននាំគ្នា ចូលគាសទ្វារផ្នែកខាងក្រោយ និងលើកទូដែករបស់លោកអគ្គនាយករោងចក្រ យកទៅគាស់បំបែកយកប្រាក់អស់រាប់ម៉ឺនដុល្លារ និងឯកសារមួយចំនួនព្រមទាំងប្រមូលខោអាវច្រកថង់ជញ្ជូនចេញតែពុំបានសម្រេច ក៍ប្លុងចោលវិញ ។
ហេតុការណ៍គាស់រោងចក្រនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ ២០១៧ បន្ទាប់ពីក្រុមសន្តិសុខ ដែលយាមថ្ងៃ បានបើកទ្វារចូលធ្វើការ។
តាមព័ត៌មានអោយដឹងថា ក្រុមចោរ មានគ្នាមិនតិចនោះទេ បានធ្វើសកម្មភាព ដោយកាត់លួសបន្លារបងរោងចក្រចូលតាមក្រោយដែលមានផ្ទះប្រជាពលរដ្ឋ រស់នៅ ហើយបានចូលទៅកាត់ទ្វាររោងចក្រផ្នែកខាងលិចចូលទៅខាងក្នុងចូលទៅក្នុងបន្ទប់ ការិយាល័យ រដ្ឋបាល រើកកាយកេះទូរយកប្រាក់ប្រាក់ និងចូលទៅលើកទូរដែករបស់លោកអគ្គនាយកដែលទុកនៅក្រោមតុនាំគ្នា សែងចេញក្នុងចម្ងាយប្រមាណជិត៥០ម៉ែត្រ យកទៅធ្វើសកម្មភាពគាស់បំបែកយកប្រាក់ និងឯកសារមួយចំនួន។ នៅក្នុងសកម្មភាពនោះក្រុមចោរ ក៍បានយកថង់ពីខាងក្រៅយកទៅចក្រខោអាវ ប្រុងជញ្ជូនចេញតែយកចេញមិនទាន់ ក៍បានប្លុងចោលវិញនៅក្បែរទ្វារដែលគាស់នោះ ។
តាមព័ត៌មានអោយដឹងថា នៅយប់នោះមានសន្តិសុខ ឯកជន C J Sចំនួន ៤នាក់ បានយាមនៅក្នុងរោងចក្រ ហើយបានអះអាងថា ពួកគេពុំបានដឹងឡើយ ដោយេពួកគេ យាមតែផ្នែកខាងក្រៅ ព្រោះខាងក្នុងក្រុមហ៊ុនបានចាក់សោរមិនអោយចូលនោះទេ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៨ ខែធ្នូ នេះនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ក៍បានចុះទៅពិនិត្យកន្លែងកើតហេតុនិងឆែលមើលកាំមេវ៉ា សុវត្តិភាពឃើញក្រុមចោរមានគ្នា ជាច្រើននាក់សុទ្ធតែពាក់ម៉ាស់បានធ្វើសកម្មភាពនៅវេលាម៉ោង ២ និង៤២នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែធ្នូ ដោយក្រុមចោរបានប្រើម៉ូទ័រ កាត់ត្រចៀកទ្វារចូល និងព្រមទាំងសែងទូដែកចេញមកកាត់ និងគាស់បំបែកយកប្រាក់។ នៅក្បែរទូដែកក៍បានបន្សល់ទុកកូនសោរមួយចំនួន ព្រមទាំងស្បែកជើង នៅខាងក្រៅក្បែររបង។
ទោះបីជាយ៉ាងណាគេពុំដឹងថា ទឹកប្រាក់ដែលចោរលួចទៅអស់ប៉ុន្មានឡើយ ។បើតាមរដ្ឋបាលអោយដឹងថា អស់ជារាប់ម៉ឺនដុល្លារ នៅក្នុងនោះមានប្រាក់របស់អគ្គនាយក ផ្ទាល់ខ្លួនចំនួន៩ពាន់ដុល្លារ និងឯកសារមួយរួមមានអាជ្ញាប័ណ្ណមួយចំនួនផងដែរ។ជនដៃដល់ដែលចូលសកម្មភាពគាស់រោងចក្រនោះអាចជាអ្នកធ្វើការនៅក្នុងរោងចក្រ ព្រោះស្គាល់ទីតាំងយ៉ាងច្បាស់៕