ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន អំពី ការត្រៀមរៀបចំពិធីរំឭកខួបលើកទី៣៩ នៃទិវាជាតិ៧មករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដែលនឹងមាន អ្នកចូលរួម ប្រមាណ៤៥០០០ម៉ឺននាក់ ចំនួនអ្នកចូលរួមកាន់តែច្រើនជាងបណ្តាឆ្នាំមុនៗ ហើយការរៀបចំក៏កាន់តែពិសេសផងដែរ។
លោកអភិបាលរាជធានីបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនអាចបំភ្លេចថ្ងៃ៧ មករា បានទេ ព្រោះបើគ្មានថ្ងៃ៧មករានោះទេ គឺគ្មានអ្វីៗទាំងអស់ រាប់ទាំងជីវិត សន្តិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះផងដែរ។ ជនណាដែលមិនទទួលស្គាល់ថ្ងៃ៧មករា គឺជាអ្នកគាំទ្រឱ្យរស់ឡើងវិញ នូវរបបប៉ុលពត ហើយក៏ជាអ្នកប្រឆាំង ចំពោះសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាសព្វថ្ងៃផងដែរ។
ប្រជាពលរដ្ឋខ្មែររស់រានមានជីវិត ដោយថ្ងៃរំដោះ៧មករា នឹងថ្កោលទោសចំពោះអ្នកដែលប្រមាថដល់ថ្ងៃ៧មករា។ កម្ពុជារីកចម្រើនខ្លាំងដូចបច្ចុប្បន្ននេះ គឺដោយសារថ្ងៃ៧មករា ហើយស្ថាបនិកនៃថ្ងៃ៧មករា គឺសម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង យកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបអាវខ្មៅប៉ុលពត ហើយខិតខំកសាងប្រទេសជាតិ ពីបាតដដែទទេ រហូតមានអ្វីគ្រប់យ៉ាងដូចឃើញក្នុងពេលបច្ចុប្បន្ន៕